(ម៉ូស្គូ)៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 កំពុងប្រឈមមុខនឹងបញ្ហាផ្នែកលក់ ខណៈប្រទេសជាច្រើនមានបំណងបញ្ជាទិញ បើទោះជាសហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មក៏ដោយ។ តើហេតុអ្វីបានជា S-400 ធ្វើឱ្យសហរដ្ឋអាមេរិកមិនសប្បាយចិត្ត? ស្វែងយល់ចំណុចមួយចំនួនខាងក្រោម ដែលជាកត្តានាំឲ្យអាមេរិក រករឿងប្រទេសណា ដែលទិញប្រព័ន្ធនេះ ឬអាវុធផ្សេងៗទៀតពីប្រទេសរុស្ស៊ី៖
* សមត្ថភាពខ្លាំងលើលោកបច្ចុប្បន្ន
S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលទំនើបចុងក្រោយបំផុតរបស់រុស្ស៊ី និងត្រូវបានរចនាឡើងប្រកបដោយភាពជាក់លាក់ ក្នុងការបំផ្លាញគោលដៅសត្រូវជាច្រើនក្នុងពេលតែមួយ។ ប្រព័ន្ថមីស៊ីលនេះមានសមត្ថភាព បាញ់ទម្លាក់យន្ដហោះចម្បាំង នៅរយៈចំងាយ ៤០០គីឡូម៉ែត្រឡើងទៅ ព្រមទាំងគ្រាប់មីស៊ីលបាលិស្ទីកនៅរយៈចំងាយ ៦០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ វាក៏អាចប្រើប្រាស់យ៉ាងហោចណាស់ មីស៊ីលប្រឆាំងយន្ដហោះចំនួនបួនប្រភេទ ជាមួយកាំភ្លើងធំបាញ់ចេញមានសមត្ថភាពខ្ពស់ និងស្ថិតនៅក្នុងភាពអាថ៌កំបំាង។ ដោយឡែកកាលពីចុងខែមេសា យោធារុស្ស៊ីបានប្រកាសថា កងទ័ពរបស់ខ្លួននឹងទទួលបានកញ្ចប់ថ្មីនៃមីស៊ីល S-400 ដែលមានសមត្ថភាពបាញ់កម្ទេចគោលដៅ នៅស្រទាប់បរិយាកាសទាបនៃផែនដី។
មីស៊ីល S-400 មានឧបករណ៍បាញ់យ៉ាងហោច ០៦ រថយន្ដបញ្ជាមួយគ្រឿង រ៉ាដាចល័តមួយ រថយន្ដដឹកជញ្ជូន និងតម្លើងមួយគ្រឿង ហើយក្នុងមួយឈុតអាចចាប់សញ្ញា ក៏ដូចជាបំផ្លាញគោលដៅរបស់សត្រូវ នៅរយៈចំងាយ ៦០០គីឡូម៉ែត្រ និងបាញ់កម្ទេចគោលដៅ ៣៦ទីតាំង ឡើងទៅក្នុងពេលតែមួយ។ S-400 ក្នុងមួយឈុត (កាំភ្លើងធំ) មានឧបករណ៍បាញ់ចំនួន យ៉ាងតិច ០៦ ឬ ០៨គ្រឿង និងមានមីស៊ីល ១១២គ្រាប់, រថយន្ដបញ្ជា និងរថយន្ដរណប ដែលមានតម្លៃសរុបចូលគ្នាទាំងអស់ ៤០០លានដុល្លារ។
* ជាគូប្រជែងទីផ្សារ នៃប្រព័ន្ធមីស៊ីលអាមេរិក Patriot system
សហរដ្ឋអាមេរិកមិនពេញចិត្តចំពោះ S-400 ដែលអាចនិយាយបានថា ដោយសារតែប្រព័ន្ធមីស៊ីលនេះ អាចប្រកួតប្រជែងទីផ្សារជាមួយ ប្រព័ន្ធមីស៊ីលអាមេរិក ពោលគឺទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភខ្លាចក្រែងវាបង្កផលប៉ះពាល់ ដល់ការលក់អាវុធអាមេរិក ជាពិសេសគឺប្រព័ន្ធមីស៊ីល Patriot system។ បើតាមយោធា S-400 មានសមត្ថភាពបំផ្លាញគោលដៅសត្រូវ ក្នុងល្បឿនលឿនជាងពីរដងបើធៀបនឹង Patriot របស់សហរដ្ឋអាមេរិក។
* ប្រទេសមានសម្ព័ន្ធភាពជាមួយអាមេរិកមួយចំនួន ផ្តើមងាកទៅរកប្រព័ន្ធ S-400
ឥណ្ឌា កាតា និងតួកគីជាដើម សុទ្ធតែបានទិញ និងកំពុងមានគំរោងទិញប្រព័ន្ធ S-400 ពីរុស្ស៊ីទាំងអស់ដែលអាចថា មិនមែនដោយសារប្រទេសទាំងនេះ ចង់មានទំនាក់ទំនងល្អជាមួយរុស្ស៊ីជាងអាមេរិកនោះឡើយ ប៉ុន្តែក៏ព្រោះតែតម្លៃរបស់ S-400 ទាបជាងឆ្ងាយខ្លាំង ប្រើធៀបនឹងប្រព័ន្ធមីស៊ីលលំដាប់ខ្ពស់របស់សហរដ្ឋអាមេរិក។ កាលពីចុងឆ្នាំ២០១៧ ប្រទេសប៉ូឡូញបានស្រែកថា ខ្លួនមិនអាចទិញប្រព័ន្ធមីស៊ីល Patriot ពីអាមេរិកបានឡើយ ព្រោះអាមេរិកគ្រោងលក់ ០៤ឈុតក្នុងតម្លៃរហូតដល់ ១០.៥ពាន់លានដុល្លារឯណោះ។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ជាច្រើន សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគី និងឥណ្ឌា ឬសូម្បីតែកាតា បើសិនជា ប្រទេសទាំងពីរហ៊ានទិញ S-400 ពីរុស្ស៊ីដែលនេះអាចរំខាន ដល់ការលក់នៅលើទីផ្សារអាវុធរបស់ទីក្រុងម៉ូស្គូយ៉ាងពិតប្រាកដ៕