ក្រុមសិទ្ធិមនុស្សលីប៊ី៖ សហរដ្ឋអាមេរិក «វាយប្រហារច្រឡំ» នាំឲ្យស្លាប់ជនស្លូតត្រង់០៣នាក់!
08-06-2018 14:37
(ទ្រីប៉ូលី)៖ អង្គការសិទ្ធិមនុស្សមួយ នៃប្រទេសលីប៊ីបានឲ្យដឹងថា ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅលើក្រុមភេរវករ ISIS នៅក្នុងប្រទេសអាហ្រ្វិកខាងជើងនេះ បានផ្តាច់យកជីវិតជនស៊ីវិលស្លូតត្រង់ចំនួន ០៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការខាងលើ ប្រតិបត្តិការផ្លូវអាកាសរបស់អាមេរិក ទៅលើតំបន់ជ្រលងភ្នំមួយកន្លែងនៅក្រុង បានី វ៉ាលីដ (Bani Walid) បានបណ្តាលឲ្យប្រជាជនលីប៊ីស្លូតត្រង់ ០៣នាក់ស្លាប់ ខណៈជនរងគ្រោះទាំងនេះ កំពុងធ្វើដំណើរក្នុងរថយន្តមួយគ្រឿង ទាំងពុំមានប្រដាប់នូវអាវុធ និងពុំមានការព្រមាន ហើយមិនមានទំនាក់ទំនងអ្វី ជាមួយក្រុមភេរវករជ្រុលនិយមនេះឡើយ។
គួរជម្រាបថា នៅមុនមានការអះអាងពីក្រុមសិទ្ធិមនុស្សលីប៊ី យោធាអាមេរិកប្រចាំទ្វីបអាហ្វ្រិកវិញ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា តាមរយៈការសម្របសម្រួលជាមួយរដ្ឋាភិបាលលីប៊ី កងទ័ពអាមេរិកបានធ្វើប្រតិបត្តិការផ្លូវអាកាស នៅក្បែរក្រុង Bani Walid ប្រទេសលីប៊ី ដោយបានផ្តាច់ជីវិតសមាជិក ISIS សរុប ០៤នាក់ រួមមានទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់ផងដែរ ហើយពុំមានជនរងគ្រោះជាជនស៊ីវិលនៅក្នុងការវាយប្រហារនេះឡើយ៕