(ប៉េកាំង)៖ រូបភាពថតដោយផ្កាយរណប ចេញផ្សាយដោយក្រុមហ៊ុនស៊ើបការណ៍សំងាត់អ៊ីស្រាអែល ImageSat International (ISI) បានឱ្យដឹងថា មីស៊ីលដែលចិនបានដាក់ពង្រាយនៅឯតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូងត្រូវបានគេដកចេញ ឬក៏ត្រូវផ្លាស់ប្ដូរទីតាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
កោះ Woody ជាកោះដ៏ធំមួយនៃទីប្រជុំកោះ ផារ៉ាសែល (Paracel) ត្រូវបានយោធាដាក់ពង្រាយ និងតម្លើងមីស៊ីលជាច្រើនដើម ក្នុងនោះរួមមាន ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងប្រឆាំងនាវាចម្បាំង។ ប៉ុន្តែបច្ចុប្បន្ន មីស៊ីលទាំងនេះបែរជាបាត់ចេញដោយអាថ៌កំបាំងទៅវិញ រីឯ អ្នកជំនាញខាងមូលដ្ឋានទ័ពជើងទឹក លោក លី ជា (Li Jie) យល់ថា ទីក្រុងប៉េកាំង ទំនងជាបានដកប្រព័ន្ធមីស៊ីលនេះជាបណ្ដោះអាសន្ន ដើម្បីជួសជុល។
លោក Li បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ South China Morning Post យ៉ាងដូច្នេះថា «ដោយសារតែអាកាសធាតុមានសំណើមខ្លាំង បូករួមទាំងខ្យល់ព្យុះទីហ្វុងនៅក្នុងតំបន់ផងនោះ វាទំនងជាប្រព័ន្ធមីស៊ីលទាំងនេះ ចាំបាច់ត្រូវដកចេញយកទៅជួសជុលជាបណ្ដោះអាសន្ន ឬក៏វាត្រូវបានគេផ្លាស់ប្ដូរទីតាំងដំឡើងក៏ថាបាន»។
ប៉ុន្តែជុំវិញបញ្ហានេះដែរ មន្ត្រីអាមេរិកពីរនាក់ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ CNN ទីក្រុងប៉េកាំងថា ចិនមិនទំនងជាជ្រើសរើសយកការដកប្រព័ន្ធមីស៊ីលទាំងនោះចេញឡើយ តែចិននៅតែបន្តបិទបាំងវានៅក្នុងអគារ ដែលបានសាងសង់នៅលើកោះ។ មួយវិញទៀត បើតាមសារព័ត៌មាន South China Morning Post ការដកប្រព័ន្ធមីស៊ីលលើកចុងក្រោយរបស់ចិន ធ្វើឡើងកាលពី ឆ្នាំ២០១៦ ពោលគឺពីរថ្ងៃប៉ុណ្ណោះមុននឹងតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ទាត់ចោលការទាមទារ ចំណែកគ្រប់គ្រងរបស់ទីក្រុងប៉េកាំង លើតំបន់សមុទ្រចិនខាងត្បូង តាមរយៈការគាំទ្រហ្វីលីពីន ប៉ុន្តែចិនមិនទទួលស្គាល់ការកាត់សេចក្តីនោះឡើយ៕