(អាមេរិក)៖ ក្រៅពីការរកឃើញសំណល់កាបូន លើភពអង្គារដូចដែលបានរៀបរាប់ក្នុងអត្ថបទមុននេះ NASA ក៏បានប្រាប់ពីការរកឃើញ នៃការប្រែប្រួលតាមរដូវកាលរបស់កម្រិតធាតុមេតាន នៅក្នុងបរិយាកាសរបស់ភពអង្គារ ក្នុងអំឡុងពេលជិត ០៣ឆ្នាំលើភពអង្គារ ដែលស្មើនឹងជិត ០៦ឆ្នាំ នៅលើផែនដីផងដែរ។ នេះបើតាមការដកស្រង់ពី Space វែបសាយ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
អ្នកវិទ្យាសាស្រ្ត NASA បានបញ្ជាក់ថា ទោះបីជាប្រតិកម្មទឹក និងថ្ម ប្រហែលអាចបង្កើតចេញជាមេតានក៏ដោយ ពួកគេនៅតែពុំអាចច្រានចោលលទ្ធភាព នៃការកើតចេញពីប្រភពបែបសារីរាង្គជីវសាស្រ្តនោះឡើយ។ លទ្ធផលនេះ គឺស្របគ្នាទៅនឹងការរកឃើញម៉ូលេគុលកាបូនក្នុងថ្ម នៃភពអង្គារ ដែលសុទ្ធសឹងជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់ ដូចនៅលើភពផែនដី ប៉ុន្តែគេបានបញ្ជាក់ដូច្នេះថា «វាមិនមែនជាការរកឃើញជីវិតឡើយ» ប៉ុន្តែជាការរកឃើញវត្ថុធាតុ ដែលអំណោយផលសម្រាប់ជីវិត។
មេតានកាលពីមុនមក ធ្លាប់ត្រូវបានរកឃើញនៅក្នុងបរិយាកាសរបស់ ភពអង្គារ (Mars) នៅក្នុងកម្រិតដ៏ធំ និងពុំអាចប៉ាន់ស្មានត្រូវនោះឡើយ ប៉ុន្តែលទ្ធផលថ្មីនេះពិតជាបានបង្ហាញថា កម្រិតទាបនៃមេតាននៅក្នុងតំបន់ Gale Crater (បឹងយក្សដែលធ្លាប់មានទឹក) តែងតែកើនឡើងខ្ពស់នៅក្នុងខែនារដូវក្តៅ និងធ្លាក់ចុះមកវិញនៅរដូវត្រជាក់ជារៀងរាល់ឆ្នាំ។
គួរជម្រាបថា ការរកឃើញមេតាននៅក្នុងបរិយាកាស និងសំណល់កាបូនបុរាណ ដែលកប់នៅក្នុងផ្ទៃរបស់ Mars បាននិងកំពុងផ្តល់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តនូវភាពជឿជាក់ថា បេសកកម្មយាន Mars Rover ឆ្នាំ២០២០ របស់អង្គការ NASA និងយាន ExoMars Rover របស់ទីភ្នាក់ងារអវកាសអឺរ៉ុប នឹងបង្កើតរកគំហើញទាក់ទិននឹងសារីរាង្គកាន់តែច្រើនថែមទៀត ទាំងនៅលើផ្ទៃលើ និងនៅផ្ទៃខាងក្នុងរាក់ៗជាដើម។
យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្តណាសា ចុះផ្សាយនៅលើទស្សនាវដ្ដី Science នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភពព្រះអង្គារ ត្រូវបានគេជឿជាក់ថា មានសមាសភាពកាបូនមូលដ្ឋាន ឬគេហៅថា «ម៉ូលេគុលសរីរាង្គ» ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ជីវិត។ បន្ថែមពីលើនេះ ការសិក្សាដដែលក៏បានឱ្យដឹងដែរថា មានភស្ដុតាងជាច្រើនអាចបញ្ជាក់បានថា ជាម៉ូលេគុលសរីរាង្គធំៗនៅលើភពព្រះអង្គារ ហើយដែលនេះគឺជាការខិតខំប្រឹងប្រែងបន្តពីការរុករកនៃយាន Viking របស់ NASA ដែលបានចុះចតលើភពព្រះអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
ចំណែកឯការធ្វើតេស្ដកាលពីលើកមុនៗ អាចអង្អុលបង្ហាញពីសារពាង្គកាយ ប៉ុន្តែវត្តមាន ក្លរីន (chlorine) បែរជាធ្វើឱ្យគេពិបាកក្នុងការបកស្រាយទៅវិញ។ ដោយឡែកជុំវិញរបកគំហើញនេះដែរ លោកស្រី ជែននីហ្វឺ អេហ្គែនប្រូដ (Jennifer Eigenbrode) ជាអ្នកវិទ្យាសាស្រ្តជីវៈ-គីមី នៃអង្គការ NASA បានលើក ឡើងយ៉ាងដូច្នេះថា «នៅពេលដែលអ្នកធ្វើការជាមួយនឹងអ្វីមួយ ប្រៀបដូចជាមនុស្សឆ្កួតនៅលើភពព្រះអង្គារ ជាមួយឧបករណ៍ដ៏ស្មុគស្មាញ ដែលត្រូវបញ្ជូនទៅកាន់ទីអវកាស នោះវាហាក់ដូចជាយើងកំពុងធ្វើអ្វីមួយ ដែលយើងជឿជាក់ជាមុនថា វាមិនអាចទៅរួច... ប៉ុន្តែខ្ញុំបានធ្វើការងារជាមួយក្រុមការងារដ៏អាស្ចារ្យ នៅលើភពព្រះអង្គារ ហើយយើងបានរកឃើញរបកគំហើញថ្មីជាច្រើន»។
នេះមិនមែនជាលើកទីមួយឡើយ ដែលអង្គការ NASA ប្រកាសពីរបកគំហើញថ្មីៗ ពាក់ព័ន្ធនឹងជីវិតនៅលើភពព្រះអង្គារ ពោលគឺអង្គការមួយនេះក៏ធ្លាប់បានអះអាងផងដែរថា ខ្លួនបានរកឃើញស្លាកស្នាមប្រភពទឹក អមជាមួយម៉ូលេគុលសរីរាង្គដ៏ស្មុគស្មាញនៅលើភពមួយនេះ ដែលធ្លាប់កើតមានកាលពីជាង ៣.៥ពាន់លានឆ្នាំមុនផងដែរ។
កាលពីខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញសេចក្តីប្រកាសដ៏ធំមួយ ដែលនាំឲ្យកក្រើកពិភពវិទ្យាសាស្ត្រ នោះគឺការរកឃើញវត្តមានទឹករាវ ហូរនៅលើផ្ទៃភពព្រះអង្គារក្នុងចំនួនតិចតួច ហើយវាពិតជាសញ្ញាមួយដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយានតាមដានអំពីលក្ខណៈបន្ថែមនៃភពអង្គារ ដែលកាលពីរាប់រយរាប់ពាន់លានឆ្នាំមុន អាចធ្លាប់មានជីវិតរស់នៅ ឬក៏បរិយាកាសស្រដៀងនឹងភពផែនដីនេះ៕