(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរចេញពីប្រទេសកាណាដាផ្ទាល់តែម្តង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) លោក ដូណាល់ ត្រាំ នឹងចាកចេញពីកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៧ ហៅកាត់ថា G7 នៅកាណាដា នៅមុនរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ដើម្បីធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
គួរជម្រាបថា លោក ត្រាំ និងលោក គីម នឹងត្រូវជួបមុខគ្នានៅសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) របស់សិង្ហបុរី នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា៕