(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដំឡើងសសៃកកាន់តែខ្លាំងដាក់ទីក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា បើសិនជាលោក ដូណាល់ ត្រាំ មិនខ្វាយខ្វល់ពីភាពឯកោនោះប្រទេស G7 អាចក្លាយជាប្រទេស G6 ដោយគ្មានសហរដ្ឋអាមេរិកក៏បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
លោក ម៉ាក្រុង បានរិះគន់លើលោក ដូណាល់ ត្រាំ ឥតសម្ចៃមាត់ជុំវិញការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ព្រមទាំងការហាមឃាត់មិនឱ្យប្រទេសដទៃរកស៊ីជាមួយអ៊ីរ៉ង់។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចំនួន ០៦ នៃក្រុមប្រទេស G7 គ្មានសហរដ្ឋអាមេរិក គឺជាទីផ្សាររួមមួយដ៏ធំជាងទីផ្សារអាមេរិកទៅទៀត... ដូច្នេះបើសិន ជាលោកប្រធានាធិបតីអាមេរិក មិនខ្វល់ពីឯកោនៅថ្ងៃនេះទេ នោះយើងក៏មិនខ្វល់ដែរពីការក្លាយទៅជាប្រទេស G6 នៅក្នុងករណីចាំបាច់»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងរងភាពតានតឹងជាថ្មីក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក វាលប៊ឺ រូសស៍ (Wilbur Ross) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការតម្លើងពន្ធលើការនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ បានចូលជាធរមានហើយ បើទោះបីជាអ្នកជំនាញសេដ្ឋកិច្ចជាច្រើនព្រួយបារម្ភថា សង្រ្គាមពាណិជ្ជកម្មអាចនឹងផ្ទុះឡើង ក៏ដោយ៕