(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិ នៃអង្គការ NATO បានព្រមព្រៀងគ្នាថា នឹងបង្កើតទីបញ្ជាការថ្មីចំនួនពីរបន្ថែម នៅលើទឹកដីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ខណៈរុស្ស៊ីកំពុងបង្កើនឥទ្ធិពលយោធានៅភាគខាងលិចទល់អឺរ៉ុប និងភាគខាងកើតចុងបំផុតទល់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ NATO អគ្គលេខាធិការអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) បានប្រកាសថា ទីបញ្ជាការយោធារួមថ្មី សម្រាប់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នឹងត្រូវឈរជើងនៅទីក្រុងណ័រហ្វូក (Norfolk) នៃរដ្ឋវ៉ឺជីនៀ (Virginia) សហរដ្ឋអាមេរិក និងមួយទៀតនៅក្រុង អ៊ឺម (Ulm) របស់អាល្លឺម៉ង់។
គួរជម្រាបថា មូលដ្ឋានរបស់អង្គការ NATO ត្រូវបានកាត់បន្ថយមកនៅត្រឹមបុគ្គលិកតិចជាង ៧,០០០នាក់ នៅតាមទីបញ្ជាការចំនួន ០៧កន្លែងប៉ុណ្ណោះ នៅក្រោយការបញ្ចប់នៃសម័យសង្រ្គាមត្រជាក់។ សម្រាប់ការវិវឌ្ឍថ្មីរបស់អង្គការ NATO នៅពេលនេះ គឺស្របទៅតាមការចង់បានរបស់សមាជិកនានា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍សន្តិសុខពិភពលោកនាពេលបច្ចុប្បន្ន ដែលសម្ព័ន្ធមិត្តអាមេរិកចង់សំដៅទៅលើ ការបង្កើនឥទ្ធិពលពីរុស្ស៊ីតែម្តង៕