(សេអ៊ូល)៖ កងទ័ពជើងអាកាសចិនត្រូវគេអះអាងថា កំពុងធ្វើការរៀបចំបញ្ជូនកងយន្តហោះចម្បាំងរបស់ខ្លួន ឲ្យទៅបំពេញបេសកកម្មអមដំណើរប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅចូលរួមកិច្ចប្រជុំនៅសិង្ហបុរី ជាទីដែលរូបលោក នឹងជួបមុខគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្រោយពីមានភាពតានតឹង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើតាមប្រភពពីមន្រ្តីក្នុងជួរយោធាកូរ៉េខាងត្បូង ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
មន្រ្តីមួយរូបនៃកងទ័ពអាកាសកូរ៉េខាងត្បូង បានថ្លែងប្រាប់សារព័ត៌មានចិន South China Morning Post ថា កងយន្តហោះចម្បាំងចិន នឹងធ្វើការរក្សាសុវត្ថិភាពនៃផ្លូវហោះហើរ ទៅកាន់ទីដែលត្រូវរៀបចំជំនួបកំពូលរបស់ លោក គីម ហើយទង្វើនេះប្រហែលអាចការក្រើនរំលឹកមួយផងដែរ ចំពោះសហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំងនឹងគាំទ្រទីក្រុងព្យុងយ៉ាងពេញទំហឹង។
មន្រ្តីខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ការអមដំណើរប្រមុខរដ្ឋនៃប្រទេសមួយ ដោយកងយន្តហោះចម្បាំង គឺជាក្បួនសន្តិសុខដ៏ខ្ពស់បំផុត ដែលកងទ័ពអាកាសអាចផ្តល់ឲ្យ ហើយប្រសិនបើចិនបញ្ជូនយន្តហោះចម្បាំង ឲ្យទៅធ្វើការអមដំណើរមែននោះ វាក៏អាចជាសារមួយ សំដៅទៅរកសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូងផងដែរថា ចិនមានការគាំទ្រយ៉ាងពេញទំហឹង ដល់របបដឹកនាំរបស់លោក គីម ជុងអ៊ុន»។
គួរជម្រាបថា បើតាមសេតវិមាន លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងត្រូវជួបមុខគ្នានាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា សប្តាហ៍ក្រោយនេះ នៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) ប្រទេសសិង្ហបុរី ហើយដែលអន្តរជាតិកំពុងតែរង់ចាំទស្សនា ទិដ្ឋភាពជារួមយ៉ាងអន្ទះសា៕