News Update: សាកសពអ្នកស្លាប់កើនដល់ ១០៩នាក់ហើយ ត្រូវបានរកឃើញក្នុងគំនរផេះភ្នំភ្លើងហ្គាតេម៉ាឡា... (Video inside)
08-06-2018 09:55
(ហ្កាតេម៉ាឡា)៖ អាជ្ញាធរហ្គាតេម៉ាឡា បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ន ប្រតិបត្តិការតាមស្វែងរកអ្នករស់ពីគ្រោះមហន្តរាយបន្ទុះភ្នំភ្លើង ហ្វឺហ្គោ (Fuego) ដោយសារតែលក្ខខណ្ឌមិនអំណោយផល ដល់ក្រុមអ្នកជួយសង្រ្គោះ ខណៈចំនួនអ្នកស្លាប់បានកើនដល់ ១០៩នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ដើម្បីសុវត្ថិភាពអាជ្ញាធរហ្កាតេម៉ាឡា បានព្រមានឱ្យប្រជាជនរស់នៅក្នុងតំបន់ទាំងអស់ ស្ថិតនៅឱ្យឆ្ងាយពីតំបន់ ដែលកំពុងស្ថិតនៅក្រោមស្ថានភាពគ្រោះថ្នាក់នៅឡើយ ស្របពេលចំនួនអ្នកស្លាប់បានកើនដល់ ១០៩នាក់ ដោយសារតែការបំផ្លិច បំផ្លាញបង្កឡើងដោយបន្ទុះភ្នំភ្លើង Fuego តាំងតែពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក។
គួរបញ្ជាក់ថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះហើយជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភ គឺថាចំនួនអ្នកសា្លប់អាចនឹងកើនឡើង និងផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងតំបន់៕