លោក គីម ជុងអ៊ុន «នឹងត្រូវអញ្ជើញទៅធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក» បើសិនជាជំនួបកំពូលជាមួយលោក ត្រាំ នៅសិង្ហបុរីមានភាពវិជ្ជមាន... (Video inside)
08-06-2018 09:23
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងពិចារណាអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចនៅសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បើសិនជាជំនួបកំពូលនៅក្នុងប្រទេសសិង្ហបុរី ដំណើរការទៅដោយរលូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងែសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានប្រធានាធិបតីរូប បានលើកឡើងដូច្នេះថា «អ្វីអាចនឹងកើតឡើងបន្ទាប់ពី បើសិនជាកិច្ចប្រជុំដំណើរការទៅដោយរលូន ហើយខ្ញុំគិតថា វាអាចនឹងកើតឡើង»។ ជាងនេះទៅទៀត លោក ត្រាំ ក៏បានអះអាងដែរថា នៅក្នុងជំនួបជាមួយលោក គីម ជុងអ៊ុន កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ អាចនឹងកើតមានឡើងក៏ថាបាន ដោយលោកហៅវាថា ជាផ្នែកមួយនៃភាពងាយស្រួលក្នុងកិច្ចចរចា។
គួរជម្រាបថា ជំនួបជាលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនានាសប្តាហ៍ក្រោយនេះ៕