(អាមេរិក)៖ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Alaska Fairbanks បានរកឃើញនូវការភ្ញាក់ផ្អើលមួយ នោះគឺដំណើរនៃការវិវឌ្ឍយឺតៗនៃសណ្ឋានដី ដែលជាសញ្ញាមួយអាចឲ្យគេ ធ្វើការព្យាករណ៍គ្រោះរញ្ជួយដីបាន នៅក្នុងតំបន់ភាគកណ្តាលរបស់រដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិកនេះ ទៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ការសិក្សាដឹកនាំដោយអ្នកជំនាញ Carl Tape នៃសាកលវិទ្យាល័យខាងលើនេះ បានបញ្ជាក់ថា លោកបានរកឃើញភស្តុតាង ដែលបានបន្សល់ទុកកាលពីគ្រោះរញ្ជួយដីបានកើតឡើងនៅតំបន់ Mino Flats នៃភាគកណ្តាលរដ្ឋអាឡាស្កា កាលពីឆ្នាំ២០១៦ កន្លងទៅនេះ។ ភស្តុតាងទាំងនោះរួមមាន រលកសញ្ញារយៈពេលវែង និងខ្លី ដែលត្រូវបានថតទុក ដោយស្ថានីយតាមដានសកម្មភាពរញ្ជួយដីជាដើម។
លោក Tape បានបន្តទៀតថា ការបង្ហាញសញ្ញាតិចៗរហូតឈានដល់គ្រោះរញ្ជួយខ្លាំងខាងលើនេះ កន្លងមកត្រូវបានគេអង្កេតឃើញមាន តាមរយៈការប្រើឧបករណ៍ពិសោធន៍នានាតែប៉ុណ្ណោះ។ គំរូស្រដៀងគ្នានេះ ក៏បានកើតមានផងដែរ កាលពីឆ្នាំ២០១៥ នៅពេលស្ថានីយតាមដានគ្រោះរញ្ជួយដី បានថតទុកនូវរលកសញ្ញារយៈពេលវែង ដែលមានដំណើរយឺតៗបំផុត ដែលជាធម្មតាគេឃើញមានតែនៅក្នុងតំបន់ ធ្លាប់ទទួលរងគ្រោះរញ្ជួយដីពីរយៈជម្រៅដីជ្រៅៗតែប៉ុណ្ណោះ។
សកម្មភាពខាងលើនេះ បានបង្ហាញអំពីសកម្មភាពស្រាលៗមានការប្រមូលផ្តុំ ឬមួយក៏រួមបញ្ចូលគ្នានៅតំបន់ចំណុចកណ្តាល ខាងក្រោមស្រទាប់ដី ប៉ុន្តែវាមិនបានបង្កទៅជាគ្រោះរញ្ជួយដីនោះទេ។ ការសិក្សាអំពីចំណុចនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្មត់ថា គឺជាសញ្ញាវិជ្ជមាន ព្រោះទោះបីជាការប្រមូលផ្តុំនៃរលកសញ្ញាតិចៗនោះ បង្កជាគ្រោះរញ្ជួយដី ឬមិនបង្កក៏ដោយ ក៏គេអាចចេញសញ្ញាប្រកាសអាសន្នទុកជាមុនទាន់ពេល ដើម្បីឲ្យមនុស្សម្នាមានការប្រុងប្រយ័ត្ន ចំពោះរញ្ជួយដី ដែលមានលទ្ធភាពអាចកើតឡើងនេះ។
គួរបញ្ជាក់ថា នៅក្នុងពិភពលោកយើងនេះ គ្រោះរញ្ជួយដី គឺមិនទាន់មានវិធីណាមួយអាចធ្វើការព្យាករណ៍ទុកជាមុនបានច្បាស់លាស់បំផុតនោះឡើយ ដែលជាហេតុនាំឲ្យសោកនាដកម្មតែងតែបានកើតមានឡើង ទៅតាមកម្រិតនៃរំញ័រដីខ្លាំង ឬខ្សោយ ដែលមនុស្សម្នាមិនអាចត្រៀមខ្លួនទុកជាមុននោះឡើយ ដូចជានៅប្រទេសជប៉ុន តំបន់អាមេរិកកណ្តាល ឬក៏ប្រទេសចិនជាដើម។
បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងសហភាពអឺរ៉ុបជាដើម នៅតែព្យាយាមធ្វើការសិក្សាបន្ត ដើម្បីស្វែងយល់ពីសញ្ញាធម្មជាតិណាមួយ ដែលអាចឲ្យគេដឹងថា ជិតមានរញ្ជួយដីកើតឡើង ដូចជាពេលនេះលទ្ធផលសិក្សានៅអាឡាស្កា វាអាចចាត់ទុកបានថា ជាសញ្ញាដ៏ប្រសើរមួយ នៃក្តីសង្ឃឹមទៅរកការគណនាឲ្យដឹងជាមុន ថានឹងមានគ្រោះរញ្ជួយដី កើតឡើងនៅតំបន់ណាមួយ៕