(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រ និងកងទ័ពតៃវ៉ាន់រាប់ពាន់នាក់ បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំនៅ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើនសមត្ថភាពទប់ទល់នឹងការឈ្លានពានណាមួយពីសំណាក់ចិន ខណៈដែនកោះមួយនេះកំពុងប្រឈមមុខ នឹងកាន់តែខ្លំាងពីសម្ពាធការទូត និងយោធារបស់ទីក្រុងប៉េកាំង៕

២៖ ការសិក្សាថ្មីមួយទាក់ទិននឹងការអង្កេត ប្រព័ន្ធផ្កាយនៅក្បែរៗនឹងប្រព័ន្ធព្រះអាទិត្យយើង បានលាតត្រដាងឲ្យឃើញថាប្រព័ន្ធ ផ្កាយមួយក្នុងចំណោមនោះ ប្រហែលជាមានភាពអំណោយផលដល់ទម្រង់ជីវិត ជាជាងព្រះអាទិត្យយើង បើយើងគិតពីកម្រិត នៃរលកកាំរស្មីអ៊ិច ហើយនេះគឺជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល និងប្លែកអារម្មណ៍ផងដែរ៕

៣៖ រថយន្តពន្លត់អគ្គីភ័យចំនួន ២០គ្រឿង និងភ្នាក់ពន្លត់អគ្គីភ័យប្រមាណ១២០នាក់ កំពុងព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ដ៏សន្ធោរសន្ធៅមួយ ដែលបានកើតមានឡើងនៅឯសណ្ឋាគារឈ្មោះ ម៉ាន់ដារីន អូរៀនថល (Mandarin Oriental) នៅសង្កាត់ ណៃប្រ៊ៃដ៍ (Knightbride) នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង៕

៤៖ មេធាវីម្នាក់របស់លោក ដូណាល់ ត្រាំ លោក រូឌី ហ្គួលៀនី (Rudy Giuliani) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលន់តួអង្វរឱ្យបន្តរៀបចំជំនួបកំពូល អាមេរិក-កូរ៉េខាងជើង តាមគ្រោងទុក បន្ទាប់ពីលោក ត្រាំសម្រេចចិត្តលុបចោល ជំនួបនេះកាលពីខែមុន៕

៥៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ទីក្រុងឡុងដ៍បន្តគំាទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ៕

៦៖ បុគ្គលិទូតអាមេរិកម្នាក់ ប្រចាំស្ថានកុងស៊ុលក្នុងទីក្រុង ក្វាងចូវ (Guangzhou) និងគ្រួសាររបស់លោកត្រូវបានជម្លៀសចេញ ពីប្រទេសចិន ដោយសាតែមានបញ្ហាប្រព័ន្ធប្រសាទ ក្រោយទទួលរងការវាយប្រហារដោយសំឡេងដ៏អាថ៌កំបាំង៕