(ស្វីស)៖ ទាំង៣២ប្រទេស (ក្រុម) ដែលបានឡើងមកដល់វគ្គចែកពូល ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះនោះ សុទ្ធតែទទួលបានប្រាក់រង្វាន់ ត្រឡប់ទៅផ្ទះវិញទាំងអស់ ដោយយ៉ាងហោចណាស់ ក្រុមធ្លាក់ក្នុងពូល ទទួលបានតិចជាងគេ៨លានដុល្លារក្នុង១ក្រុម គ្រាដែលក្រុមឈ្នះជើងឯក នឹងទទួលបានទឹកប្រាក់៣៨លានដុល្លារអាមេរិក។
យោងតាមគេហទំព័រព័ត៌មាន Sport24 បានចេញផ្សាយថា សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បាន ត្រៀមកញ្ចប់ថវិកា៤០០លានដុល្លារ សម្រាប់ចែកជូនទាំង៣២ក្រុម ដែលបានឡើងមកលេង World Cup លើកទី២១ ឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ីខាងមុខនេះ មានការកើនឡើង១២% បើប្រៀបធៀប World Cup 2014 កាលធ្វើនៅប្រេស៊ីលមានតែ ៣៥៨លានដុល្លារប៉ុណ្ណោះ ដោយក្រុមឈ្នះជើងឯកអាល្លឺម៉ង់ ទទួលបាន៣៥លានដុល្លារ និងជើងឯករង អាហ្សង់ទីន បាន២៥លានដុល្លារ។
ទន្ទឹមគ្នានោះ សម្រាប់ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២៤លានដុល្លារ គ្រាដែលក្រុមជាប់លេខ៤ ទទួលបាន ២២លានដុល្លារ។ លើសពីនេះទៀត ក្រុមជាប់ចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ ទទួលបាន១៦លានដុល្លារក្នុង១ក្រុម ជាមួយនឹងក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៧ ដល់លេខ៣២ ទទួលបាន ៨លានដុល្លារក្នុង១ក្រុម។
ក្រៅពីប្រាក់រង្វាន់ចែកជូនទាំង ៣២ក្រុមហើយ FIFA ក៏បានត្រៀមកញ្ចប់ថវិកាប្រមាណ២០៩លានដុល្លារទៀត ដើម្បីចែកជូនបណ្តាក្លឹបអាជីពដែលមានកីឡាកររបស់ខ្លួនមកលេង World Cup 2018 នៅក្នុងក្រុមជម្រើសជាតិរបស់គេ និងទឹកប្រាក់១៣៤លានដុល្លារសម្រាប់ Insurance ដល់កីឡាករគ្រប់រូបដែលមានរបួសក្នុងអំឡុងប្រកួត។
ព្រឹត្តិការណ៍ដែលមានរយៈពេល៤ឆ្នាំម្តង FIFA World Cup 2018 នឹងចាប់ផ្តើមប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើទីលានចំនួន១២ នៅទូទាំង១០ទីក្រុង នៃប្រទេសមហាអំណាច រុស្ស៊ី ដោយពុំមានក្រុមខ្លាំងដូចជា ឈីលី ហូឡង់ អ៊ីតាលី ចិន និងមហាអំណាចលើលោក អាមេរិក ឡើយ៕