(អាមេរិក)៖ ប្រសិនបើកិច្ចជំនួបកំពូលរវាង លោក ដូណាល់ត្រាំ និងលោក គីម ជុងអ៊ុន លើកនេះពិតជាអាចសម្រេចបានតាមការគ្រោងទុក វាត្រូវបានចាត់ទុកជាកិច្ចជំនួបជាលើកដំបូង មិនធ្លាប់មានអស់រយៈពេលពីរទសវត្សរ៍មកហើយ។ ក្នុងស្ថានភាពនេះ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហាក់កំពុងព្យាយាមផ្លាស់ប្តូរឥរិយាបថ ដើម្បីធ្វើឱ្យសម្រេចបាននូវក្តីសុបិន្ត នៃគ្រួសារត្រកូល គីម ដោយការអង្គុយចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។
គិតមកទល់ពេលនេះ មន្ត្រីនៃរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង កំពុងដុតដៃដុតជើងបំពេញការងារ ដើម្បីត្រៀមរៀបចំកិច្ចជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងរៀបចំឡើង នៅវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ក្នុងទឹកដីនៃប្រទេសសិង្ហបុរី។ អ្វីដែលពួកគេកំពុងជជែកវែកញែក នៅក្នុងខណៈពេលនេះមុនពេលឈានទៅដល់ការរៀបចំកិច្ចជំនួបនោះ គឺថា តើសហរដ្ឋអាមេរិកត្រូវផ្ដល់សម្បទានអ្វីខ្លះ ដល់ប្រទេសកូរ៉េខាងជើង ជាថ្នូរនឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ឬថា តើកូរ៉េខាងជើង ត្រូវចុះចាញ់កម្រិតណា ក្នុងជម្លោះអាវុធនុយក្លេអ៊ែរនេះ។
ប៉ុន្តែលោក Jean H.Lee អ្នកជំនាញផ្នែកប្រទេសកូរ៉េខាងជើង ប្រចាំនៅមជ្ឈមណ្ឌល Wilson ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រាប់ភ្នាក់ងារព័ត៌មាន CNN បានលើកឡើងថា «គ្រាន់តែលោក ត្រាំ បោះជំហានចូលក្នុងបន្ទប់ចរចា ជាមួយកូរ៉េខាងជើងមានន័យថា រដ្ឋាភិបាលក្រុង ព្យុងយ៉ាងទទួលបានជោគជ័យ យ៉ាងធំធេងបាត់ទៅហើយ ព្រោះថាការទទួលបានឱកាសចូលរួម កិច្ចជំនួបជាមួយប្រធានាធិបតីអាមេរិក អាចឲ្យប្រទេសកូរ៉េខាងជើង ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ”។
លោកបាន បន្តថា «ត្រឹមតែជាប្រទេសតូចមួយ និងធ្លាប់ជាសត្រូវនឹងគ្នា តែបែរជាអាចអង្គុយចរចាដោយផ្ទាល់ជាមួយប្រធានាធិបតី នៃមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ វាត្រូវបានចាត់ទុកជាជោគជ័យដ៏ធំមួយបាត់ទៅហើយ»។ ជាទូទៅ វាមិនមែនជារឿងងាយនោះទេ ដែលមេដឹកនាំប្រទេសតូចៗមួយចំនួន អាចធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក មកចំណាយពេលអង្គុយកិច្ចចរចាដោយផ្ទាល់ បែបទ្វេភាគីបែបនេះ។ លោក Lee បាននិយាយថា ឪពុក និងជីតារបស់លោក គីម នឹងមានមោទនភាពជាខ្លាំង ប្រសិនបើបានដឹងថា លោក គីម ជុងអ៊ុន អាចកែប្រែមុខមាត់ប្រទេសកូរ៉េខាងជើង ឱ្យក្លាយជារដ្ឋដែលត្រូវបានទទួលស្គាល់ នៅលើឆាកអន្តរជាតិនោះ។
គួររំឮកបន្តិចថា កាលពី០៥ខែមុននេះ ប្រទេសកូរ៉េខាងជើងហាក់មានភាពឯកា រងការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ និងមានទំនាក់ទំនងការទូតតិចតួចប៉ុណ្ណោះជាមួយបរទេស បន្ទាប់ពីមានករណីឃាតកម្ម ទៅលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាម កាលពីឆ្នាំ២០១៧ កន្លងទៅនេះនៅក្នុងទឹកដីម៉ាឡេស៊ី។
ក្រុមអ្នកឯកទេសបាននិយាយថា កិច្ចជំនួបជាមួយប្រធានាធិបតីអាមេរិកលើកនេះ នឹងផ្តល់ឱកាសដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង នូវការគោរព និងការកោតសរសើរជាថ្មី។ លោក ជីម ហូរី អតីតភារធារីចក្រភពអង់គ្លេស ប្រចាំនៅកូរ៉េខាងជើងបានប្រាប់ទូរទស្សន៍ CNN ថា «កិច្ចជំនួបលើកនេះ បង្កប់ដោយអត្ថន័យជាច្រើន ព្រមទាំងជំរុញឱ្យមានការទទួលស្គាល់ថា កូរ៉េខាងជើងជារដ្ឋមួយ ដែលមានមេដឹកនាំប្រកបដោយភាពច្បាស់លាស់ម្នាក់»។
កាលពីមុន អតីតប្រធានាធិបតីអាមេរិក លោក ជីមី ខាតទ័រ (Jimmy Carter) បានជួបជាមួយលោក គីម អ៊ីលស៊ុង ជីតារបស់លោក គីម ជុងអ៊ុន ក្នុងឆ្នាំ១៩៩៤ ។ ដោយឡែកប្រធានាធិបតី ប៊ីល គ្លីនតុន ស្ទើរតែនឹងជួបជាមួយនឹងលោក គីម ជុងអ៊ីល ខណៈដែលលោកកំពុងកាន់អំណាចកាលពីឆ្នាំ២០០០ ដែរទៅហើយ។ ប៉ុន្តែលោកបែរជាសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ច មិនតបតាមការអញ្ជើញមេដឹកនាំកូរ៉េខាងជើងឡើយ បន្ទាប់ពីរកឃើញថា លោក គីម ជុងអ៊ីល ជាមនុស្សមិនអាចជឿទុកចិត្តបាន។ ផ្ទុយទៅវិញអតីតប្រធានាធិបតីរូបនេះ បានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោកស្រី Madeleine Albright ទៅកាន់ក្រុងព្យុងយ៉ាងជំនួសលោកទៅវិញ។
អតីតប្រធានាធិបតីអាមេរិក លោក គ្លីនតុន បាននិយាយដោយភាពឆ្លៀសវៃថា «ខ្ញុំនឹងមិនធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងឡើយ ដរាបទាល់តែពួកគេបានត្រៀមរៀបចំរួចរាល់»។ ទីបំផុតកិច្ចជំនួបរវាងប្រធានាធិបតី នៃប្រទេសទាំងពីរ គ្រោងនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ក្នុងអាណត្តិនៃប្រធានាធិបតី ដូណាល់ ត្រាំ នាថ្ងៃទី១២ ខែមិថុនា នៅទឹកដីនៃប្រទេសសិង្ហបុរី។
អ្នកជំនាញបាននិយាយថា នៅពេលកិច្ចប្រជុំកំពូលនេះកើតឡើង វាបានផ្ដល់នូវសក្តានុពលជាច្រើន សម្រាប់ប្រទេសកូរ៉េខាងជើង ហើយអ្វីដែលសំខាន់ទីមួយនោះ គឺផ្ដល់សុវត្ថិភាពនៃរបបកុម្មុយនីស្តកូរ៉េខាងជើង។ កន្លងមករដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមើលឃើញថា មានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ដែលជាអ្នកគំរាមកំហែងដ៏ធំបំផុត ចំពោះរដ្ឋាភិបាលកុម្មុយនីស្តរបស់ខ្លួន។ ហេតុនេះប្រទេសកូរ៉េខាងជើងមានជំនឿថា បើសិនជាសហរដ្ឋអាមេរិក បញ្ឈប់ការឈ្លានពានកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងមានសុវត្ថិភាពពេញលេញ ព្រោះគ្មានប្រទេស ណាមួយដែលចង់លូកកកាយក្នុងរឿងនយោបាយរបស់កូរ៉េខាងជើង ដូចជាសហរដ្ឋអាមេរិកឡើយ។
ត្រឹមតែទទួលបានការសម្រាលទណ្ឌកម្ម ឬការធានាសុវត្ថិភាពពីសហរដ្ឋអាមេរិក អាចចាត់ទុកថា ជាជោគជ័យដ៏សំខាន់មួយ សម្រាប់លោក គីម ជុងអ៊ុន ហើយមេដឹកនាំកូរ៉េខាងជើង ពិតជាមានបំណងចង់ទទួលបានជ័យជម្នះ ច្បាស់លាស់មួយក្នុងស្ថានភាពពេលនេះ។
និយាយឲ្យខ្លី កូរ៉េខាងជើងអាចទាញបាននូវផលប្រយោជន៍លើចំណុចសំខាន់ៗមួយចំនួន ពីការធ្វើកិច្ចជំនួបជាមួយសហរដ្ឋអាមេរិក ហេតុនេះហើយទើបកិច្ចជំនួបនេះ ត្រូវបានចាត់ទុកជាគោលបំណងដ៏សំខាន់មួយ សម្រាប់គ្រួសារត្រកូល គីម។ ជាអកុសល្យកន្លងមក ដោយសារតែសហរដ្ឋអាមេរិក តែងតែទាមទារដាក់លក្ខខណ្ឌជាមុន មុនពេលចាប់ផ្តើមកិច្ចជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង ជាមូលហេតុដែលធ្វើឱ្យកិច្ចជំនួបរវាងមេដឹកនាំ នៃប្រទេសទាំងពីរ ក្លាយជារឿងដ៏កម្រមួយ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ វែបសាយព័ត៌មានអាមេរិក CNN