(គូឡាឡាំពួ)៖ គណកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនកំពុងតាមស្វែងរកបុគ្គលពីររូបឱ្យចូលខ្លួនមកបំភ្លឺ ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងក្រុមហ៊ុន SRC International ជាអតីតអង្គភាពរបស់មូលនិធិរដ្ឋ 1MDB ហើយក្នុងចំណោមបុគ្គលទំាងពីរនេះ រួមមានឈ្មោះ ឡូវ តែកចូ (Low Taek Joh) ឬគេស្គាល់ថា Joh Low ដែលជាអ្នកជំនាញហិរញ្ញវត្ថុជាន់ខ្ពស់ម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន MACC ក៏បានស្នើឱ្យបុរសម្នាក់ឈ្មោះ Nik Faisal Ariff Kamil Nik Othman Arif Kamil អាយុ ៤៧ឆ្នាំ ជានាយក SRC International ផ្ដល់ការសហការជាមួយក្រុមអ្នកស៊ើបអង្កេតផងដែរ។ មិនតែប៉ុណ្ណោះ គណកម្មការមួយនេះ បានបញ្ចេញប័ណ្ណសម្គាល់ខ្លួន រួមទាំងអាស័យដ្ឋានរបស់បុគ្គលទាំងពីររូបនេះ ហើយថែមទាំងស្នើឱ្យអ្នកដឹងពីកន្លែងស្នាក់នៅ របស់ពួកគេត្រូវរាយការណ៍ឱ្យអាជ្ញាធរទៀតផង។
Joh Low ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាជាច្រើននៃ 1MDB បើទោះជារូបគេមិនមានតួនាទីផ្លូវការ នៅក្នុងមូលនិធិរដ្ឋមួយនេះក៏ដោយ ហើយមកទល់បច្ចុប្បន្នគេក៏មិនទាន់ដឹងថា បុគ្គលនេះកំពុងរស់នៅកន្លែងណាដែរ។
គួរជម្រាបថា ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក Mahathir Mohamad បានបង្កើតគណកម្មការស៊ើបអង្កេតលើមូលនិធិរដ្ឋ 1MDB បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពុករលួយប្រាក់ជាង ១០លានដុល្លារ។ ប៉ុន្តែលោក ណាជីប បានច្រានចោលរាល់ការចោទប្រកាន់ ហើយថា លោកមិនបានប្រព្រឹត្តកំហុសអ្វីទាំងអស់៕