(តៃប៉ិ)៖ យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រ និងកងទ័ពតៃវ៉ាន់រាប់ពាន់នាក់ បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើនសមត្ថភាពទប់ទល់ នឹងការឈ្លានពានណាមួយពីសំណាក់ចិន ខណៈដែនកោះមួយនេះកំពុងប្រឈមមុខ នឹងកាន់តែខ្លំាងពីសម្ពាធការទូត និងយោធារបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែលមានបុគ្គលមានទំនោរទាមទារឯករាជ្យ បានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដោយរដ្ឋាភិបាលលោកស្រី បានបដិសេធការទទួលស្គាល់ថា តៃវ៉ាន់ គ្រាន់តែជាផ្នែកមួយ នៃទឹកដីរបស់ចិនដូចច្បាប់អន្តរជាតិចែង។
ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Tsai បានចូលរួមទស្សនាដោយផ្ទាល់ នូវសមយុទ្ធយោធាបាញ់គ្រាប់ពិត ដែលបានចាប់ផ្ដើមតាំងពី ថ្ងៃចន្ទមកម្ល៉េះ។ លោកស្រី Tsai បានគូសបញ្ជាក់នាឱកាសនោះថា «ខ្ញុំបានឃើញថា កងទ័ពរបស់យើងមានសមត្ថភាពគ្រប់ គ្រាន់ ហើយខ្ញុំយល់ថា កងទ័ពរបស់យើងអាចនឹងសម្រេចវត្ថុបំណង ក្នុងការពង្រឹងវិស័យការពារជាតិ ឱ្យកាន់តែមានភាពរឹងមាំ»។
គួរបញ្ជាក់ថា សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចំាឆ្នាំរបស់តៃវ៉ាន់ឈ្មោះថា Han Kuang (Han Glory) មានការចូលរួមដោយ យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រប្រយុទ្ធជាច្រើនគ្រឿង ព្រមទាំងកងទ័ព ៤,១០០នាក់។ ប៉ុន្តែ កាលពីថ្ងៃចន្ទ ពីឡុតយន្ដហោះចម្បាំង F-16 ម្នាក់បានស្លាប់ក្រោយយន្ដហោះនេះ ធ្លាក់នៅឯតំបន់ភ្នំភាគឦសានកោះតៃវ៉ាន់ នៅអំឡុងពេលចូលរួមក្នុងសមយុទ្ធយោធាខាងលើ៕