(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ទីក្រុងឡុងដ៍បន្តគំាទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអ្នកនំាពាក្យលោកស្រី May ជំនួបរវាងលោកស្រី និងលោក ណឺតាន់យ៉ាហ៊ូ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) បានផ្តោតលើបញ្ហាប្រទេសស៊ីរី និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំទំាងពីរបានពិភាក្សាគ្នាពីបញ្ហាអ៊ីរ៉ង់ ហើយលោកស្រីនាយករដ្ឋមន្ត្រី នៅតែប្រកាន់ជំហរដដែល នោះគឺគំាទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ត្បិតវាគឺជាមធ្យោបាដ៏ល្អមួយ ក្នុងការទប់ស្កាត់កុំឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ តែយ៉ាងណា មេដឹកនាំទាំងពីរបានឯកភាពគ្នាពីភាពចាំបាច់ ក្នុងការប្រឈមមុខនឹងសកម្មភាព បង្កអស្ថេរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់»។
គួរបញ្ជាក់ថា ជំនួបរវាងលោកស្រី May និងលោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងឱកាសដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បំពេញដំណើរទស្សនកិច្ចមកកាន់ទ្វីបអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុប កែប្រែលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។ ប៉ុន្តែក្រៅតែពីមេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស សុទ្ធតែបង្ហាញពីការគំាទ្រដល់កិច្ចព្រមព្រៀងនេះដដែល ដោយអះអាងថា វាគឺជាមធ្យោបាយដ៏ល្អមួយក្នុងការទប់ស្កាត់ កុំឱ្យអ៊ីរ៉ងផលិតអាវុធនុយក្លេអ៊ែរ៕