(ប៉េកាំង)៖ រដ្ឋបាលចិន បានបិទចោលទាំងស្រុងហើយនូវការស្វែងរកនៅលើអ៊ីធើណិតសម្រាប់ពាក្យ ឬអត្ថបទទាំងឡាយណាដែលមានការប្រមាថដោយចំពោះ ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយការធ្វើបែបនេះជាការឆ្លើយតប ទៅនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ការសម្រេចចិត្តបែបនេះរបស់ទីក្រុងប៉េកាំង ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការប្រមាថ ឬការបញ្ចេញមតិដែលបង្ករូបភាពអវិជ្ជមាន ដល់លោក គីម ខណៈចិនកំពុងស្ដារឡើងវិញ នូវទំនាក់ទំនងមិនអាចខ្វះបានជាមួយទីក្រុងព្យុងយ៉ាង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង ពីរបានជួបគ្នាចំនួនពីរលើកនាពេលថ្មីនេះ។
គួរជម្រាបថា បើតាមយ៉ុនហាប់ ពាក្យថា «Jin San Pang» ឬ «កន្ធាត់ គីម ជំនាន់ទី៣» ជាឈ្មោះហៅក្រៅ ដែលគេច្រើននិយាយជា ការលេងសើចលើលក្ខណៈសម្បត្តិរបស់លោក គីម ជុងអ៊ុន នៅក្នុងប្រទេសចិន ត្រូវបានបិទចោលទាំងស្រុងនៅគេហទំព័រចិនធំៗដូច ប៉ៃទូ (Baidu) និងបណ្ដាញទំនាក់ទំនងសង្គម វ៉ៃបូ (Weibo) ផងដែរ៕