(អាមេរិក)៖ ការសិក្សាថ្មីមួយទាក់ទិននឹងការអង្កេត ប្រព័ន្ធផ្កាយនៅក្បែរៗនឹងប្រព័ន្ធព្រះអាទិត្យយើង បានលាតត្រដាងឲ្យឃើញថា ប្រព័ន្ធផ្កាយមួយក្នុងចំណោមនោះ ប្រហែលជាមានភាពអំណោយផលដល់ទម្រង់ជីវិត ជាជាងព្រះអាទិត្យយើង បើយើងគិតពីកម្រិតនៃរលកកាំរស្មីអ៊ិច ហើយនេះគឺជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល និងប្លែកអារម្មណ៍ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹងថា ភពទាំងឡាយនៅវិលជុំវិញផ្កាយភ្លោះដ៏ភ្លឺចែងចាំង នៅក្នុងប្រព័ន្ធផ្កាយ Alpha Centauri ទំនងទំនងជាពុំបានទទួលរងកម្រិត នៃរលកកាំរស្មីអ៊ិចខ្លាំងក្លា ចេញពីផ្កាយមេទាំងពីររបស់វាឡើយ។ ប្រព័ន្ធ Alpha Centauri គឺជាប្រព័ន្ធផ្កាយបី ដែលស្ថិតនៅចម្ងាយ ០៤ឆ្នាំពន្លឺ ឬស្មើនឹង ៤០ទ្រីលានគីឡូម៉ែត្រ (៤០ពាន់ពាន់លានគីឡូម៉ែត្រ) ពីផែនដី។
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ដោយសារតែរយៈចម្ងាយដ៏កៀករបស់វា ប្រព័ន្ធ Alpha Centauri ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាបេក្ខភាពដ៏ប្រសើរជាងគេបំផុត ក្នុងការរុករកសញ្ញានៃទម្រង់ជីវិត ប៉ុន្តែសំណួរនោះគឺ តើយើងនឹងអាចស្វែងរកភព ដែលមានបរិស្ថានអំណោយផល សម្រាប់ទម្រង់ជីវិត ដូចដែលយើងបានដឹង ឬអត់។
បើតាម NASA វាគឺជាដំណឹងដ៏ប្រសើរមួយសម្រាប់ផ្កាយ Alpha Cen AB បើគិតពីលទ្ធភាពនៃការរស់រានរបស់ជីវិតនៃភពនានា នៅចំពោះមុខរលកកាំរស្មីអ៊ិច ដែលបញ្ចេញពីផ្កាយភ្លោះនេះ ហើយការសិក្សាថ្មីនេះបានបង្ហាញថា ជីវិតនឹងមានឱកាសខ្ពស់នៅលើភពនានា នៅជុំវិញផ្កាយទាំងពីរ។ ប៉ុន្តែដំណឹងអាក្រក់នោះគឺ ទោះបីជាភពទំហំប៉ុនផែនដីមួយ ត្រូវបានគេរកឃើញនៅក្បែរផ្កាយ Proxima ក៏ដោយមកទល់ពេលនេះ ក្រុមតារាវិទូពុំអាចរកឃើញភពអេលៀនណាមួយ នៅជុំវិញ Alpha Cen A និង B ឡើយ។
កាំរស្មីអ៊ិច និងឥទ្ធិពលនានានៅទីអវកាស ដែលជាបញ្ហាពាក់ព័ន្ធឯទៀតៗ មានផលប៉ះពាល់អាក្រក់ជាខ្លាំង សម្រាប់ជីវិតដែលពុំមានការការពារ ដូចជាតាមរយៈការទទួលរងរលកកាំរស្មី ក្នុងកម្រិតខ្ពស់ដោយផ្ទាល់ និងតាមរយៈការបំផ្លាញបរិយាកាស ដែលជាខែលការពារជីវិតនៅលើភពមួយជាដើម។
ផ្កាយនៅក្នុងប្រព័ន្ធ Alpha Centauri រួមមានផ្កាយមួយគូ គឺ Alpha Centauri A និង B ដែលធ្វើគោចរនៅកៀកគ្នា។ ផ្កាយ Alpha Cen A គឺស្ទើរតែដូចទៅនឹងព្រះអាទិត្យរបស់យើងបេះបិត រួមមានទាំងអាយុកាល ខណៈ Alpha Cen B មានទំហំតូចជាង និងបញ្ចេញពន្លឺខ្សោយជាង ប៉ុន្តែនៅតែស្រដៀងនឹងព្រះអាទិត្យយើងដែរ។
សម្រាប់ផ្កាយទីបីវិញនោះ គឺ Alpha Cen C ឬមានឈ្មោះមួយទៀតថា Proxima ផងដែរនោះ គឺជាផ្កាយក្រហម Red Dwarf ដ៏តូចមួយ ដែលធ្វើដំណើរនៅជុំវិញផ្កាយភ្លោះ A និង B នៅក្នុងគន្លងដ៏ធំមួយ ហើយបើគិតពីចម្ងាយពីវាទៅផ្កាយភ្លោះ A និង B វិញនោះ គឺជាង ១០,០០០ដងឆ្ងា ជាងចម្ងាយរវាងផែនដី និងព្រះអាទិត្យយើងឯណោះ (ចម្លាយពីផែនដីទៅព្រះអាទិត្យ គឺ ១៥០លានគីឡូម៉ែត្រ)។
បច្ចុប្បន្ន Proxima ត្រូវគេចាត់ទុកថា គឺជាផ្កាយនៅជិតផែនដីបំផុត ខណៈផ្កាយ AB ឈរនៅលេខរៀងទីពីរ។ យោងតាមលទ្ធផលនេះការអង្កេតអស់រយៈពេលជាច្រើនឆ្នាំ បានលាតត្រដាងឲ្យដឹងថា លទ្ធភាពនៃទម្រង់ជីវិត បើគិតពីកម្រិតទទួលរងឥទ្ធិពលពីកាំរស្មីអ៊ិចនោះ គឺមានភាពប្រសើរខ្លាំងនៅជុំវិញផ្កាយ Alpha Cen A និង B ជាជាងព្រះអាទិត្យ។ ផ្ទុយទៅវិញ Proxima គឺជាផ្កាយ Red Dwarf សកម្មមួយ ដែលគេដឹងថា តែងតែបញ្ចេញរលកកាំរស្មីអ៊ិចក្នុងកម្រិតយ៉ាងគ្រោះថ្នាក់ និងមិនអំណោចផលសម្រាប់ជីវិតឡើយ។
គួរជម្រាបថា ការប្រមាញ់រកភពនៅជុំវិញផ្កាយទាំងពីរ គឺមានភាពលំបាកមែនទែន ដោយសារតែគន្លងរបស់ពួកវា ដែលបានទាញផ្កាយដ៏ភ្លឺទាំងពីរដួង ឲ្យទៅកៀកគ្នា។ បើតាម NASA ភពនានានៅក្នុងតំបន់អាចទ្រទ្រង់ជីវិតបាន (Habitable Zone) នៅជុំវិញផ្កាយ Proxima ជាមធ្យមទទួលរងកម្រិតកាំរស្មីអ៊ិចប្រហែល ៥០០ដងខ្លាំងជាងភពផែនដី និង ៥០,០០០ដងខ្លាំងជាងក្នុងកម្រិតខ្ពស់បំផុត៕