(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងត្រូវជួបគ្នានៅវិមានពងក្រពើ នៃសេតវិមានអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃសុក្រ ពេលវេលានៅអាស៊ីខាងកើត) ខណៈទីក្រុងតូក្យូ កំពុងព្រួយបារម្ភខ្លាចក្រែងសហរដ្ឋអាមេរិកបន្ធូរ បន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានេះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅក្នុងជំនួបជាមួយលោក ត្រាំ លោក អាបេ នឹងផ្ដោតលើសារៈសំខាន់ នៃការបន្តរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែកាលពីសប្ដាហ៍មុន លោក ត្រាំ ផ្ទាល់បាននិយាយថា លោកមិនចង់និយាយពីការដាក់សម្ពាធអតិបរមា លើទីក្រុងព្យុងយ៉ាងទៀតនោះ ទេ ហើយថាការដកទណ្ឌកម្មសេដ្ឋកិច្ច អាចនឹងត្រូវលើកលែង បើកិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនា នេះដំណើរការទៅដោយរលូន។
ដោយឡែក ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោក អាបេ នេះដែរ ត្រូវបានក្រុមអ្នកជំនាញចិនជឿជាក់ថា ទំនងជានឹងមិនអាចលុបបំបាត់ ការយល់ច្រឡំលើកូរ៉េខាងជើងបាននោះទេ ខណៈទីក្រុងតូក្យូនៅតែព្រួយបារម្ភ ខ្លាចក្រែងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ដែលនេះនឹងទុកឱ្យជប៉ុនត្រូវប្រឈមមុខជាមួយចិនតែម្នាក់ឯង៕