(ម៉ូស្គូ)៖ បុគ្គលិទូតអាមេរិកម្នាក់ ប្រចាំស្ថានកុងស៊ុលក្នុងទីក្រុង ក្វាងចូវ (Guangzhou) និងគ្រួសាររបស់លោក ត្រូវបានជម្លៀសចេញពីប្រទេសចិន ដោយសាតែមានបញ្ហាប្រព័ន្ធប្រសាទ ក្រោយទទួលរងការវាយប្រហារដោយសំឡេងដ៏អាថ៌កំបាំង។ នេះបើតាមកាសែត New York Times ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម New York Times បុគ្គលិកទូតអាមេរិកខាងលើ និងគ្រួសារ ត្រូវបានត្រួតពិនិត្យក្រុមគ្រូពេទ្យ ដែលត្រូវបានបញ្ជូនមកកាន់ ប្រទេសចិនជាពិសេស។ កាសែតអាមេរិកមួយនេះបន្ថែមថា បុគ្គលិករូបនេះដែលបានចាកចេញពីចិន ទៅសហរដ្ឋអាមេរិកមានឈ្មោះថា ម៉ាក់ ឡេនហ្ស៊ី (Mark A. Lenzi) ជាវិស្វករផ្នែកសន្តិសុខម្នាក់ប្រចាំស្ថានកុងស៊ុល ទីក្រុង Guangzhou។
លើសពីនេះទៅទៀត លោក Lenzi និងភរិយារបស់លោក ក៏ត្រូវបានគេរាយការណ៍ដែរថា បានត្អូញត្អែរពីការរំខានដោយសំឡេងដ៏អាថ៌កំបាំងមួយ នៅក្នុងអគារស្នាក់នៅ ខណៈកូនប្រុសទាំងពីររបស់លោកបានចាកចេញត្រឡប់ទៅសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាមេរិកអការៈជំងឺរបស់លោក Lenzi គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺរបស់បុគ្គលិកទូតអាមេរិក ប្រចាំប្រទេសគុយបា ដែលធ្លាប់ត្រូវបានគេរាយការណ៍ថា មានបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយសំឡេង៕