(ឡុងដ៍)៖ រថយន្តពន្លត់អគ្គីភ័យចំនួន ២០គ្រឿង និងភ្នាក់ពន្លត់អគ្គីភ័យប្រមាណ ១២០នាក់ កំពុងព្យាយាមគ្រប់គ្រងអណ្តាតភ្លើងដ៏សន្ធោរសន្ធៅមួយ ដែលបានកើតមានឡើងនៅឯសណ្ឋាគារឈ្មោះ ម៉ាន់ដារីន អូរៀនថល (Mandarin Oriental) នៅសង្កាត់ ណៃប្រ៊ៃដ៍ (Knightbride) នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមសាក្សីជាច្រើននាក់ ផ្សែងខ្មៅយ៉ាងធំសម្បើម បានហុយចេញមកពីសណ្ឋាគារប្រណិតលំដាប់ផ្កាយ៥នេះ អាចត្រូវមើលឃើញបាននៅទូទាំងភាគកណ្តាលទីក្រុងឡុដ៍ ខណៈកម្ទេចកម្ទីរផេះ កំពុងធ្លាក់នៅគ្រប់ទីកន្លែង។ យ៉ាងណាមិញស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងបន្តព្យាយាមគ្រប់គ្រងគ្រោះអគ្គីភ័យនេះ វាពុំទាន់ច្បាស់នៅឡើយទេថា មានមនុស្សរងគ្រោះដែរ ឬអត់ ខណៈសណ្ឋាគារកម្ពស់ ១២ជាន់នេះ ត្រូវបានក្រុមសង្គ្រោះជម្លៀសមនុស្សចេញជាបន្ទាន់។
ដោយឡែក ប៉ូលិសពុំទាន់អាចកំណត់មូលហេតុ ដែលនៅពីក្រោយគ្រោះអគ្គីភ័យនេះនៅឡើយទេ ហើយពួកគេក៏មិនទាន់ដឹងថា មានមនុស្សជាប់ខ្លួននៅក្នុងសណ្ឋាគារ ឬក៏អត់ដែរ។ គួររំលឹកថា គ្រោះអគ្គីភ័យខាងលើនេះ បានកើតឡើងនៅចំខែគម្រប់មួយឆ្នាំ នៃសោកនាដកម្មឆេះអគារស្នាក់នៅ Grenfell Tower ដ៏កក្រើក ដែលបានផ្តាច់យកជីវិតមនុស្ស ៧២នាក់ នៅក្នុងទីក្រុងឡុងដ៍៕