មហាយក្សចិន បង្កើនជើងហោះហើរត្រង់ជាមួយសហព័ន្ធរុស្ស៊ី ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ... (Video inside)
07-06-2018 11:01
(ប៉េកាំង)៖ ផ្លូវហោះហើរត្រង់ដោយភ្ជាប់ពីទីក្រុង គីគីហា (Qiqihar) ក្នុងខេត្ត ហៃឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិន ទៅកាន់ទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី នឹងត្រូវដាក់ឱ្យដំណើរការនៅខែកក្កដាខាងមុខនេះ ស្របតាមការអះអាងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែស៊ីជម្រៅ។ នេះបើតាមព័ត៌មានពីអាជ្ញាធរទីក្រុង Qiqihar ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរក្នុងទីក្រុង Qiqihar ផ្លូវហោះហើរនេះនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១០ ខែកក្កដា ជាមួយការប្រើប្រាស់ យន្ដហោះ CRJ900 ហើយសេវាហោះហើរនេះទៀតសោត នឹងត្រូវប្រតិបត្តិការដោយក្រុមហ៊ុន China Express Airlines រៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយមានរយៈពេលហោះហើរ ១ម៉ោង និង៣០នាទី។
គួរបញ្ជាក់ថា ទីក្រុង Qiqihar គឺជាមូលដ្ឋានឧស្សហកម្មមួយស្ថិតនៅប៉ែកខាងលិចខេត្ត Heilongjiang ជាប់ព្រំដែនជាមួយរុស្ស៊ី ហើយវាក៏ស្ថិតនៅក្នុងគោលដៅចម្បង ដែលមហាយក្សយោធាទាំងពីរ ជ្រើសរើសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែស៊ីជម្រៅផងដែរ៕