(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានទទួលជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុអ៊ែល ម៉ាក្រុង (Emmanuel Macron) ដែលបានធ្វើដំណើរមកដល់រដ្ឋធានីអូតាវ៉ា កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅក្រុងអូតាវ៉ា) ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកាណាដា ខណៈជំនួបនេះបានកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរ រួមទាំងសម្ព័ន្ធមិត្តអាមេរិកមួយចំនួនទៀត ទើបតែបានទទួលរងការដំឡើងថ្លៃពន្ធលើផលិតផលដែកថែប និងអាលីលុយមីញ៉ូម របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
លោក Trudeau បានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់ដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Macron មកកាន់ប្រទេសកាណាដា ក្នុងនាមជាប្រធានាធិបតីបារាំង។ លោក Trudeau បាននិយាយថា បារាំងគឺជាមិត្តសំឡាញ់ និងដៃគូដ៏ប្រពៃរបស់កាណាដា នៅលើឆាកអន្តរជាតិ។
ចំណែកលោក Macron បានលើកឡើងថា កិច្ចប្រជុំរវាងប្រទេសទាំងពីរនេះ គឺកើតមានឡើងនៅចំពេលយ៉ាងសំខាន់ និងជាឱកាសមួយសម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច បញ្ហាបម្រែបម្រួលអាកាសធាតុ និងភូមិសាស្រ្តនយោបាយជាដើម។
បារាំងគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៩ បើគិតពីប្រទេសនៅជុំវិញពិភពលោក និងជាទីផ្សារនាំចេញខ្នាតធំលំដាប់ទី ៤ នៅក្នុងសហភាពអឺរ៉ុប។ ទំហំនៃការវិនិយោគដោយផ្ទាល់របស់កាណាដា នៅក្នុងប្រទេសបារាំង គឺប្រមាណ ៦.១ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០១៧ ខណៈការវិនិយោគដោយផ្ទាល់របស់បារាំងនៅកាណាដា មានទំហំ ៦.៣ពាន់លានដុល្លារ គិតត្រឹមរយៈពេលដូចគ្នា។
គួរជម្រាបថា កាលពីសប្តាហ៍មុន ក្រោយពីបានធ្វើការអនុគ្រោះអស់រយៈពេលប៉ុន្មានខែមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចអនុវត្តន៍ការដំឡើងពន្ធ ២៥ភាគរយ ទៅលើផលិតផលដែកថែបដែលនាំចូល និង ១០ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំចូលពីសហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូ បន្ថែមពីលើប្រទេសជាច្រើនផ្សេងទៀត៕