(ហ្គាតេម៉ាឡា)៖ ចំនួនអ្នកស្លាប់បន្ទាប់ពីភ្នំភ្លើង Fuego បានផ្ទុះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាមួយការបញ្ចេញកម្អែរភ្លើង ធូលី-ផេះ និងដុំថ្មធំៗ បំផ្លិចបំផ្លាញភូមិមួយចំនួននៅក្បែរខាងនោះ បានកើនដល់ ៩៩នាក់ហើយ ខណៈអាជ្ញាធរហ្គាតេម៉ាឡា កំពុងតាមស្វែងរកមនុស្សជិត ២០០នាក់ ដែលនៅតែបន្តបាត់ខ្លួននៅឡើយឈានចូលដល់ថ្ងៃទី៤នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
បើតាមក្រុមមន្ត្រីហ្គាតេម៉ាឡា មនុស្សរាប់ពាន់នាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅក្នុងជំរកបណ្ដោះអាសន្ន។ ចំណែកឯកាលពីដើមសប្តាហ៍នេះ ក្រុមអាជ្ញាធរក៏បានបញ្ជាក់ដែរថា មនុស្សប្រមាណ ១.៧លាននាក់ បានទទួលរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិខាងលើនេះ និងជាង ៣,០០០នាក់ កំពុងរស់ក្នុងជម្រកបណ្តោះអាសន្ននៅទីកន្លែងសុវត្ថិភាព។
គួរជម្រាបថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះហើយជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ ប៉ុន្តែមុនការផ្ទុះនេះវាពុំបានឲ្យសញ្ញាមិនស្រួលអ្វីនោះឡើយ ទើបអាជ្ញាធរហ្គាតេម៉ាឡា មិនបានចេញសេចក្តីប្រកាសអាសន្នទាន់ពេល ដល់ប្រជាជនដែលរស់នៅជុំវិញនោះឡើយ៕