(វ៉ាស៊ីនតោន)៖ មេធាវីម្នាក់របស់លោក ដូណាល់ ត្រាំ លោក រូឌី ហ្គួលៀនី (Rudy Giuliani) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលន់តួអង្វរឱ្យបន្តរៀបចំជំនួបកំពូល អាមេរិក-កូរ៉េខាងជើង តាមគ្រោងទុក បន្ទាប់ពីលោក ត្រាំ សម្រេចចិត្តលុបចោលជំនួបនេះកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
លោក Giuliani លើកឡើងបែបនេះ នៅឯសន្និសីទពាណិជ្ជកម្មមួយរៀបចំឡើងក្នុងទីក្រុងតែលអាវីល ប្រទេសអ៊ីសា្រអែល នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈសល់តែ ០៥ថ្ងៃ ទៀតប៉ុណ្ណោះមុននឹងលោក ត្រាំ និងលោក គីម ត្រូវជួបគ្នាក្នុងប្រទេសសិង្ហបុរី។ ថ្លែងនាឱកាសនោះ មេធាវីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោក គីម ជុងអ៊ុន បានលើកដៃលន់តួអង្វរឱ្យបន្តរៀបចំជំនួបតាមការគ្រោងទុក ហើយដែល នេះគឺច្បាស់ណាស់ជាគោលជំហរ ដែលអ្នកចង់ផ្ដល់ឱ្យគាត់»។
គួរបញ្ជាក់ថា បើតាមសេតវិមាន ជំនួបលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះ៕