(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃពុធនេះ បានព្រមានថា នឹងប្រកាសដាក់ប្រទេសឲ្យស្ថិតក្រោមគ្រាអាសន្ន ពោលគឺប្រគល់អំណាចឲ្យកងទ័ព អាចបើកប្រតិបត្តិការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងប្រទេសបានដោយសារហេតុផលថា ឧក្រិដ្ឋកម្មកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅក្នុងប្រទេស ដែលកំពុងរារាំងដល់ការវិនិយោគពីបរទេស៕
២៖ សហរដ្ឋអាមេរិកនឹងមិនចេញថ្លៃចំណាយលើក្រុមមន្ត្រីកូរ៉េខាងជើង អំឡុងពេលស្នាក់នៅក្នុងប្រទេសសិង្ហបុរី នាឱកាសចូលរួម កិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះទេ៕
៣៖ ជំនួយការពិសេសសេតវិមាន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី ឃែលលី សេដ្លឺ (Kelly Sadler) បាន សម្រេចចិត្តលាលែងពីការងារហើយ បន្ទាប់ពីទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការនិយាយចំអកពាក់ព័ន្ធនឹង ជំងឺមហារីក របស់សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាកខេន (John McCain)៕
៤៖ អ្នកហែលទឹកជនជាតិបារាំងម្នាក់ លោក ប៊ិន ឡេខុមត៍ (Ben Lecomt) បានចាប់ផ្ដើមដំណើរផ្សងព្រេងដ៏វែងអន្លាយរបស់លោក ហើយ ដោយការហែលទឹកចាកចេញពីប្រទេសជប៉ុន ដើម្បីក្លាយជាមនុស្សដំបូងគេបំផុតដែលហែលទឹកឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក៕
៥៖ កម្មករអណ្តូងរ៉ែចំនួន ២៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេល ក្រោយពីមានហេតុការណ៍ផ្ទុះអណ្តូងរ៉ែដែក នៅខេត្ត Liaoning ភាគឦសានប្រទេសចិន ដែលបានផ្តាច់ជីវិតមនុស្ស ១១នាក់ និងបង្កឲ្យរបួស ០៩នាក់ ខណៈពីរនាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន នៅឡើយ៕
៦៖ ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើង នៅទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង ហើយវាក៏បានបណ្តាលឲ្យ មនុស្សចំនួន១១នាក់រងរបួសផងដែរ។ ហេតុការណ៍ផ្ទុះនេះគឺជាការផ្ទុះកន្លែងស្តុកទិន្នផលកសិកម្ម៕