(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) នឹងចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី Straits Times នាល្ងាចថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ចំពោះដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ នៅមុនជំនួបលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះនៅក្នុងទឹកដីប្រទេសសិង្ហបុរីតែម្តង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះឡើយដែលមន្ត្រីជាន់ខ្ពស់សិង្ហបុរី ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដោយកាលពីឆ្នាំ២០០៨ លោក ចច យ៉េអូ (George Yeo) អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងផងដែរ ក្នុងរយៈពេល ០៥ថ្ងៃ ដើម្បីពិភាក្សាបញ្ហាពាណិជ្ជកម្ម តបតាមការអញ្ជើញពីអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក អ៊ុយជុន៕