(ប៉ារីស)៖ ហេតុការណ៍ផ្ទុះយ៉ាងកក្រើក នៅក្រុង Strasbourg ភាគខាងកើតនៃប្រទេសបារាំងនាថ្ងៃពុធនេះ គឺជាការផ្ទុះកន្លែងស្តុកទិន្នផលកសិកម្មដ៏ធំមួយ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុករបស់បារាំង ដកស្រង់ខ្លឹមសារដោយសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
គួរជម្រាបថា ហេតុការណ៍ខាងលើនេះ បានកើតឡើងចេញពីឡស្តុកគ្រាប់ធុញ្ញជាតិ នៅក្នុងតំបន់ផែន Port-du-Rhin នៃទីក្រុង Strasbourg ដែលបានបង្កឲ្យជាអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងធំសម្បើម។ ឆ្លើយតបនឹងហេតុការណ៍នេះ ភ្នាក់ពន្លត់អគ្គិភ័យប្រមាណ ៧០នាក់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រង់ស្ថានការណ៍ ខណៈមូលហេតុជាក់លាក់នៅពីក្រោយការផ្ទុះនេះ នៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕