(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា យុទ្ធនាការដាក់សម្ពាធជាអតិបរមា ប្រឆាំងនឹងកូរ៉េខាងជើងនឹងនៅតែបន្ត ទោះបីជាប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយកាលពីសប្តាហ៍មុនហើយថា លោកមិនចូលចិត្តពាក្យនេះក៏ដោយ ហើយដែលនេះបានបង្ហាញឲ្យឃើញពីភាពផ្ទុយគ្នាមួយ នៃការថ្លែងផ្លូវការរវាងមេដឹកនាំ និងមន្ត្រីកំពូលអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បាននិយាយថា ទណ្ឌកម្មនិងយុទ្ធនាការដាក់សម្ពាធជាអតិបរមា នឹងនៅតែបន្ត។ ដោយឡែក កាលពីសប្តាហ៍មុន ក្រោយពីជួបជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងចុល (Kim Yong Chol) លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកកាសែតថា លោកមិនពេញចិត្តនឹងពាក្យ «សម្ពាធជាអតិបរមា» ឡើយ ដោយសារតែទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង កំពុងមានភាពប្រសើរឡើងខ្លាំង។
គួរជម្រាបថា បើតាមអ្នកនាំពាក្យសេតវិមាន ជំនួបកំពូលរវាងលោក ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា នៅឯសណ្ឋាគារ Capella លើកោះ Sentosa នៃប្រទេសសិង្ហបុរី ហើយវានឹងក្លាយជាជំនួបបែបប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាចង់ដឹងណាស់ថា លទ្ធផលចុងក្រោយនឹងទៅជាបែបណា៕