(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃពុធនេះបានព្រមានថា នឹងប្រកាសដាក់ប្រទេសឲ្យស្ថិតក្រោមគ្រាអាសន្ន ពោលគឺប្រគល់អំណាចឲ្យកងទ័ព អាចបើកប្រតិបត្តិការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងប្រទេសបានដោយសារហេតុផលថា ឧក្រិដ្ឋកម្មកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅក្នុងប្រទេស ដែលកំពុងរារាំងដល់ការវិនិយោគពីបរទេស។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីទើបបានធ្វើដំណើរត្រឡប់មកពីបំពេញទស្សនកិច្ច នៅទីក្រុងសេអ៊ូល លោក ឌូតឺតេ បាននិយាយថា «ខ្ញុំព្រមានឲ្យហើយដល់ក្រុមឧក្រិដ្ឋជន និងមនុស្សគ្រប់រូប មិនថានៅក្នុង ឬក្រៅជួររដ្ឋាភិបាលឡើយថា ខ្ញុំនឹងធ្វើកែប្រែរឿងមួយចំនួន នាពេលខាងមុខនេះ។ តាមពិតទៅ វាពុំមានភាពខុសគ្នាឡើយរវាងច្បាប់អាជ្ញាសឹក និងការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ដូច្នេះហើយ ខ្ញុំបានព្រមានឲ្យមនុស្សទាំងអស់គ្នាដឹងឲ្យហើយ។ ខ្ញុំក៏សូមព្រមានដល់ក្រុមសិទ្ធិមនុស្សផងដែរថា យើងត្រូវប្រព្រឹត្តខ្លួនឲ្យល្អ ឬក៏ត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរជាថ្មីម្តងទៀត»។
លោកប្រធានាធិបតីហ្វីលីពីនបានបន្តទៀតថា ក្រុមហ៊ុនបរទេសភាគច្រើន មិនហ៊ានចូលមកប្រទេសនេះ គឺដោយសារតែឧក្រិដ្ឋកម្មផ្សេង ដែលកំពុងតែខ្លាំងដៃឡើង ដោយពួកគេភ័យខ្លាចអំពីការចាប់ជំរិត និងការកាប់សម្លាប់ជាដើម។ ដូច្នេះហើយ លោក ឌូតឺតេ បានបញ្ជាក់ថារូបលោកអាចនឹងប្រើប្រាស់អំណាចក្នុងគ្រាអាសន្ននេះ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។
គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៦ លោក ឌូតឺតេ បានប្រកាសដាក់ប្រទេសហ្វីលីពីនក្នុងគ្រាអាសន្ន បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅទីក្រុងដាវ៉ៅ (Davao) ដែលជាទីកំណើតរបស់លោក ហើយហេតុការណ៍ដ៏អាក្រក់នោះ បានឆក់យកជីវិតមនុស្ស ១៤នាក់ និងបង្កឲ្យរបួសជាច្រើននាក់ទៀត។ ទោះបីជាការប្រកាសបែបនេះ បានផ្តល់អំណាចធំធេងដល់ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ វាមិនទាន់ស្មើនឹងច្បាប់អាជ្ញាសឹកនោះទេ។
ដោយឡែក លោក ឌូតឺតេ បានដាក់កោះ មីនដាណាវ (Mindanao) នៅភាគខាងត្បូងហ្វីលីពីន ឲ្យស្ថិតក្រោមការគ្រប់គ្រងនៃច្បាប់អាជ្ញាសឹក ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីមានករណីវាយប្រហារភេរវកម្ម ដោយក្រុមសកម្មប្រយុទ្ធគាំទ្រ ISIS ដើម្បីស្តារសណ្តាប់ធ្នាប់នៅក្នុងក្រុង ម៉ារ៉ាវី (Marawi) ឡើងវិញ។ ច្បាប់អាជ្ញាសឹកនេះ នៅតែកំពុងត្រូវអនុវត្តន៍យ៉ាងតឹងរ៉ឹងដដែល នៅទូទាំងកោះ Mindanao រហូតដល់ចុងខែធ្នូឆ្នាំនេះ៕