តើជប៉ុនគួរសប្បាយចិត្ត ឬទេ ពេលដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិកត្រូវរ៉ូវគ្នា? (Video inside)
06-06-2018 14:41
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្សូអាបេ កំពុងសម្លឹងមើលការបង្កើតទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាមួយនៅថ្ងៃព្រហស្បតិ៍ (ទី០៧ ខែមិថុនានេះ) ដើម្បីជំរុញឱ្យមេដឹកនាំអាមេរិករូបនេះ កុំបំភ្លេចចោលការព្រួយបារម្ភ ពីបញ្ហាសន្តិសុខរបស់ទីក្រុងតូក្យូ នៅក្នុងករណីលោកឈានដល់កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីខាងលើដដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា «ជប៉ុនបានលើកឡើងជាច្រើនដង ថា ទីក្រុងតូក្យូចង់ឱ្យមានការលុបបំបាត់ចោលទាំងស្រុង នូវរាល់អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគគ្រប់ប្រភេទ (របស់កូរ៉េខាងជើង)»។
គោលជំហរមួយនេះ គឺនៅដដែលមិនផ្លាស់ប្ដូរឡើយ ហើយយើងគិតថា សហរដ្ឋអាមេរិកនឹងយល់ពីគោលជំហររបស់ជប៉ុន។ បន្ថែមពី លើនេះ ក្រៅតែពីអាវុធនុយក្លេអ៊ែរ ជប៉ុនក៏មានការព្រួយបារម្ភផងដែរខ្លាចក្រែងលោក ដូណាល់ ត្រាំ យល់ព្រមកាត់បន្ថយចំនួនយោធាអាមេរិកនៅកូរ៉េខាងត្បូង ដែលនេះនឹងទុកឱ្យទីក្រុងតូក្យូ ក្លាយជារដ្ឋជួរមុខទប់ទល់នឹងឧបទ្វីបកូរ៉េមួយ ក្រោមឥទ្ធិពលដ៏ខ្លាំងរបស់ចិន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នានៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៃប្រទេសសិង្ហបុរី នៅម៉ោង ៩៖០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ក្នុងសប្តាហ៍ក្រោយនេះ ហើយវានឹងក្លាយជាជំនួបបែបប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាចង់ដឹងណាស់ថា លទ្ធផលចុងក្រោយនឹងទៅជាបែបណា៕