(វ៉ាស៊ីនតោន)៖ ជំនួយការពិសេសសេតវិមាន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី ឃែលលី សេដ្លឺ (Kelly Sadler) បាន សម្រេចចិត្តលាលែងពីការងារហើយ បន្ទាប់ពីទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការនិយាយចំអកពាក់ព័ន្ធនឹងជំងឺមហារីក របស់សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាកខេន (John McCain)។ នេះបើតាមអ្នកនាំពាក្យសេតវិមាន ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងប្រាប់ BBC អ្នកនាំពាក្យសេតវិមានលោក លោក រ៉ាច ហ្សាហ៍ (Raj Shah) បានឱ្យដឹងយ៉ាងដូច្នេះថា «លោកស្រី Kelly Sadler នឹងលែងក្លាយជា បុគ្គលិកការិយាល័យប្រតិបត្តិ របស់លោកប្រធានាធិបតី ត្រាំ ទៀតហើយ»។ តំណឹងលាលែងពីតំណែងនេះ កើតមានឡើងក្រោយលោកស្រី Sadler បាននិយាយចំអកដាក់លោក McCain ថា ការបោះឆ្នោតជំទាស់របស់លោកមិនមានបញ្ហាអ្វីនោះទេ ពីព្រោះគាត់ នឹងមិនអាចរស់នៅបានយូរឡើយ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោកស្រី Sadler ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមួយទាក់ទិននឹងនាយក CIA លោកស្រី ជីណា ហាសភែស (Gina Haspel) ដែលលោក McCain បានបោះឆ្នោតជំទាស់នឹងការតែងតាំងលោកស្រី។ លោក McCain មានអាយុ ៨១ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺមហារីកខួរក្បាលដ៏កម្រមួយ ដែលមានភាពស្មុគស្មាញក្នុងការព្យាបាល៕