(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នានៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៃប្រទេសសិង្ហបុរី។ នេះបើតាមការឲ្យដឹងពីសេតវិមាន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «ទីតាំងសម្រាប់កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅសណ្ឋាគារ Capella នៅកោះ សេនតូសា (Sentosa) ហើយយើងសូមអរគុណចំពោះម្ចាស់ផ្ទះសិង្ហបុរី សម្រាប់ទទួលរៀបចំយ៉ាងកក់ក្តៅរបស់ពួកគេ»។
គួរជម្រាបថា បើតាមសេតវិមាន ជំនួបជាប្រវត្តិសាស្រ្តខាងលើនេះត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា គឺនាសប្តាហ៍ក្រោយនេះនៅសិង្ហបុរី៕