(បាងកក)៖ ក្រុមហ៊ុន Huawei Technologies និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈរួមគ្នា លើការវិនិយោគ៨១លានដុល្លារ ក្នុងប្រព័ន្ធអេកូឌីជីថលអាស៊ីអាគ្នេយ៍ ពិសេសក្នុងការបង្កើតមជ្ឈមណ្ឌលពិសោធន៍ (OpenLabs) សម្របសម្រួល ដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា Cloud និងបង្កើនធនធានចំនេះដឹង ផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) នៅតំបន់អាស៊ីអាគ្នេយ៍ ។
កម្មពិធីចុះអនុស្សរណៈ នេះបានធ្វើឡើង ក្នុងទិវានៃការច្នៃប្រឌិតថ្មី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ របស់ក្រុមហ៊ុន Huawei នាទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ ដែលមានការអញ្ជើញចូលរួម ប្រមាណជា ៣០០នាក់ ពីសំណាក់តំណាងរដ្ឋាភិបាល វិស័យឧស្សាហកម្មនិងសាកលវិទ្យាល័យ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានលោកបណ្ឌិត កាន ច័ន្ទមេត្ដា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ ដើម្បីស្វែងយល់ពី ហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចឌីជីថល ធ្វើឱ្យជីវិតកាន់តែប្រសើរ ជំរុញគំនិតច្នៃប្រឌិត និងជួយបង្កើតនូវប្រព័ន្ធអេកូ ប្រកបដោយភាពជោគជ័យ។
លោកបណ្ឌិត Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានថ្លែងថា ដោយលោកបានបង្ហាញអំពីការស្វះស្វែងរកយុទ្ធសាស្រ្ត នៃការឆ្ពោះទីរកភាពជាឌីជីថល «going digital» របស់លោកនៅប្រទេសថៃ និងថាតើឌីជីថលបាននឹងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរ និងទំនើបកម្មនៃសេដ្ឋកិច្ចរបស់ប្រទេសថៃដោយរបៀបណា។ ការច្នៃប្រឌិតថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ព័ត៌មានវិទ្យា (ICT) បានក្លាយជាចំនុចដ៏សំខាន់របស់ប្រទេសថៃ ទោះបីជាមានផលប៉ះពាល់ខ្លះ ពីភាពជាឌីជីថលនេះ តែវាបានជួយដល់ក្រុមហ៊ុនបង្កើនផលិតភាពការងារ កាត់បន្ថយការចំណាយ និងបង្កើតផលិតផលថ្មីៗ ក៏ដូចជាសេវាកម្មថ្មីៗ ហើយទីបំផុត វាបានត្រួសត្រាយផ្លូវសម្រាប់គម្រោងមុខជំនួញថ្មីៗ ហើយនិងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់គ្រប់វិស័យទាំងអស់ ។
លោកបណ្ឌិតក៏បាន បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថៃ ក្នុងការបង្កើតបរិយាកាសសម្រួលដល់ការច្នៃប្រឌិតថ្មីលើបច្ចេកវិទ្យាឌីជីថល ដោយសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមហ៊ុន
Huawei ដែលជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT)របស់ថៃ ។លោកក៏បានបញ្ជាក់ទៀតថា លោកចង់ឃើញកិច្ចសហការស៊ីជម្រៅបន្ថែមទៀត រវាងព្រះរាជាណាចក្រថៃ និងក្រុមហ៊ុន Huawei ។
លោក Guo Ping ប្រធានក្រុមហ៊ុន Huawei ក៏បានថ្លែងផងដែរ «សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចាប់ផ្តើមធ្វើដំណើរផ្លាស់ប្តូរឆ្ពោះទៅរកភាពជាឌីជីថល ប៉ុន្តែការរីកចម្រើននេះ គឺមិនមានភាពស្មើគ្នាទេ ហើយគម្លាតរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ គឺកំពុងតែរីកធំទៅៗ យើងឃើញមានការលេចចេញផលវិបាកនៃទ្រឹស្តី Matthew ដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿន អាចផ្តល់នូវផលចំណេញច្រើន លើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ជាងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍតិចតួច តែទោះជាយ៉ាងណា យើងអាចធ្វើការជាមួយគ្នាដើម្បីឆ្ពោះទៅមុខ»។
លោកបន្ដថា បើប្រៀបធៀបតំរូវការឌីជីថល ទៅនឹងទ្រឹស្តី Maslow «តម្រូវការឌីជីថល អាចត្រូវបានបែងចែកជាច្រើនដំណាក់កាលផ្សេងៗគ្នា ដូចជាហេដ្ឋារចនាសម្ព័ន្ធការធានាសន្តិសុខ industry digitization និងការអភិវឌ្ឍខួរក្បាលឌីជីថល» តំណាក់កាលដំបូងនៃតំរូវការនេះ គឺត្រួវការធនធានបន្ថែមពីសំណាក់រដ្ឋាភិបាល ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ជ
ក៏ដូចជាដៃគូរសហការក្នុងវិស័យនេះ ដើម្បីចូលរួមធ្វើវាជាមួយគ្នា។ ខណៈនេះប្រព័ន្ធអេកូ (Ecosystem) គឺពិតជាសំខាន់ខ្លាំងណាស់។ រដ្ឋាភិបាលត្រូវដើរតួជាអ្នកនាំមុខ
ហើយបណ្តាក្រុមហ៊ុន ឧស្សាហកម្មនានា ត្រូវការពារទុកជាមុន ដោយការពង្រឹងសមត្ថភាពបុគ្គល លើមុខជំនាញឌីជីថលរបស់ពួកគេ ដោយឡែក Huawei ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីកសាងប្រព័ន្ធមួយនេះ ហើយយើងចែករំលែកចំណែកទីផ្សារផ្ទាល់ របស់យើងជាមួយអ្នកដោយភាពរីករាយ
សូមរួមគ្នា យើងនិងរីកចំរើន ហើយនិងធ្វើអោយនំនេះកាន់តែធំឡើងៗ សម្រាប់អ្នកទាំងអស់គ្នាដែលបានចូលរួម» ។
ទន្ទឹមនឹងនោះ លោកបណ្ឌិត កាន ច័ន្ទមេត្ដា ក៏បានថ្លែងផងដែរថា «ជុំវិញប្រព័ន្ធអេកូឌីជីថលនេះ យើងនឹងបន្ដសហជាគ្នាជាមួយដៃគូយើង ដើម្បីអភិវឌ្ឍន៍ប្រទេសយើង ហើយពេលនេះ យើងក៏បានឈរលើចំនុចមួយដ៏ល្អមួយ នឹងក៏កំពុងតែបន្ដការសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពន្លឿនប្រព័ន្ធអេកូឌីជីថល ជូនដល់ប្រជាជនយើងឲ្យដល់ ភូមិឃុំ ទូទាំងប្រទេស នៅឆ្នាំ២០២០ខាងមុខនេះ ពេលនោះធនធានមនុស្សកម្ពុជា ផ្នែកឌីជីថល កាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត»។
ព្រមជាមួយគ្នានោះ លោក James Wu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏បានបង្ហាញផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei សម្រាប់តំបន់នេះ ដែលផែនការនេះ មានគោលបំណងគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងការកសាងប្រព័ន្ធអេកូនៅក្នុងតំបន់ ៕