(តូក្យូ)៖ អ្នកហែលទឹកជនជាតិបារាំងម្នាក់ លោក ប៊ិន ឡេខុមត៍ (Ben Lecomt) បានចាប់ផ្ដើមដំណើរផ្សងព្រេង ដ៏វែងអន្លាយរបស់លោកហើយ ដោយការហែលទឹកចាកចេញពីប្រទេសជប៉ុន ដើម្បីក្លាយជាមនុស្សដំបូងគេបំផុត ដែលហែលទឹកឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
លោក Ben Lecomte មានអាយុ ៥១ឆ្នាំ នឹងហែលទឹក ០៨ម៉ោងក្នុងមួយថ្ងៃ ក្នុងរយៈពេលច្រើនជាង ០៦ខែ នៃដំណើរផ្សងព្រេងឆ្ពោះ ទៅកាន់ឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក ក្រោមការជួយជ្រោមជ្រែងពីទូកអ្នកគាំទ្រ។ មិនតែប៉ុណ្ណោះ លោកនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ដូចជា ត្រីឆ្លាម ខ្យល់ព្យុះ (swarms of jellyfish) និងសីតុណ្ហភាពទាបបំផុតជាដើម។
តែទោះជាយ៉ាងនេះក្ដី លោកសង្ឃឹមថា តាមរយៈការហែលទឹកឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិកនេះអាចនឹងជួយលើកកម្ពស់ការយល់ដឹង ពីបម្រែបម្រួលអាកាសធាតុ ខណៈ អ្នកវិទ្យាសាស្ត្រមួយក្រុមនឹងដឹកនាំការស្រាវជ្រាវ នៅអំឡុងរយៈចំងាយហែលទឹក ៩,០០០គីឡូម៉ែត្រ។ ដូច្នេះវាមានន័យថា ការហែលឆ្លងកាត់ផ្ទៃមហាសមុទ្ររបស់លោក គឺមានគោលដៅធំក្នុងការសិក្សាអំពីបរិស្ថានមហាសមុទ្រ ដែលជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។
លើសពីនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្រក៏នឹងធ្វើការសិក្សាផងដែរ ពីបំណែកប្លាស្ទិក ផលប៉ះពាល់នៃការធ្វើលំហាត់ប្រាណខ្លាំងលើបេះដូង និងត្រួតពិនិត្យមើលថា គ្រោះមហន្តរាយនៃរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) បង្កផលប៉ះពាល់ដល់មហាសមុទ្រយ៉ាងដូចម្ដេច៕