(ចិន)៖ កម្មករអណ្តូងរ៉ែចំនួន ២៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេល ក្រោយពីមានហេតុការណ៍ផ្ទុះអណ្តូងរ៉ែដែក នៅខេត្ត Liaoning ភាគឦសានប្រទេសចិន ដែលបានផ្តាច់ជីវិតមនុស្ស ១១នាក់ និងបង្កឲ្យរបួស ០៩នាក់ ខណៈពីរនាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ នៅពេលដែលក្រុមកម្មករកំពុងទម្លាក់គ្រឿងផ្ទុះ ចូលទៅក្នុងរូងចុះទៅអណ្តូងរ៉ែដែលមានជម្រៅ ១,០០០ម៉ែត្រ ហើយវាបានផ្តាច់ជីវិតមនុស្ស ១១នាក់ បណ្តាលឲ្យ ០៩នាក់ដែលនៅខាងក្រៅលើដីរងរបួស ព្រមទាំងបំផ្លាញប្រព័ន្ធខួងអណ្តូង ខណៈធ្វើឲ្យកម្មករ ២៥នាក់ទៀត នៅជាប់ក្នុងនោះនៅពេលកើតហេតុភ្លាមៗ។
គួរជម្រាបថា កម្មករ ២៣នាក់ក្នុងចំណោមអ្នកជាប់នៅក្នុងអណ្តូង ត្រូវបានជួយសង្រ្គោះចេញមកវិញនាព្រឹកថ្ងៃពុធនេះ ប៉ុន្តែ០២នាក់ទៀតនៅបន្តបាត់ខ្លួនដដែល ខណៈប្រតិបត្តិការរុករកនៅតែបន្តប្រព្រឹត្តទៅ ហើយកម្មករដែលត្រូវបានជួយចេញមកវិញ សុទ្ធតែមិនបានរងគ្រោះធ្ងន់ធ្ងរឡើយ។ ដោយឡែកមនុស្ស ០៥នាក់ ក្នុងចំណោមអ្នករងរបួសទាំងអស់ គឺមានស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ៕