(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការតម្លើងពន្ធលើការនាំចូលមុខទំនិញអាមេរិក ជាការឆ្លើយនឹងការតម្លើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ពីសំណាក់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងបង្កភាពវឹកវរលើវិស័យពាណិជ្ជកម្មអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានតួកគី ហួរីយ៉េត ដេលី (Hurriyet Daily) តួកគី គ្រោងនឹងតម្លើងពន្ធលើការនាំចូលផលិតផលអាមេរិក នៅថ្ងៃទី២១ ខែមិថុនានេះ។ សារព័ត៌មានមួយនេះបន្ថែមថា កាតព្វកិច្ចបង់ពន្ធបន្ថែមសរុប ២៦៦.៥លានដុល្លារ នឹងត្រូវបានអនុវត្តន៍លើផលិតផលចំនួន ២២ ដែលនាំចូលពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានធ្យូងថ្ម, ក្រដាស់, គ្រាប់ walnuts, គ្រាប់ almonds, ថ្នំាជក់, ស្រា whiskey, រថយន្ដ, គ្រឿងសម្អាង, គ្រឿងម៉ាស៊ីន, បរិក្ខា និងផលិតផលជីវៈឥន្ធនៈជាដើម។
មិនតែប៉ុណ្ណោះ គំរោងតម្លើងពន្ធនេះនឹង ត្រូវអនុវត្តន៍លើការនាំចូលស្រា whiskey ៤០ភាគរយ និងរថយន្ដ ៣៥ភាគរយ ដើម្បីឆ្លើយតបនឹងការតម្លើពន្ធនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ។
គួរបញ្ជាក់ថា តួកគីគឺជាប្រទេសផលិតដែកថែបធំជាងគេលំដាប់ទី ៨ នៅលើពិភពលោក និងជាអ្នកនាំចេញដែកថែបធំជាងគេ ជាប់លេខរៀងទី ៦ ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីកាណាដា, ប្រេស៊ីល, កូរ៉េខាងត្បូង, មិចស៊ីកូ និងរុស្ស៊ី៕