(យូអិន)៖ អនាគតប្រធានមហាសន្និបាត នៃអង្គការសហប្រជាជាតិ (UNGA) លោកស្រី ម៉ារៀ ហ្គាស៊ែស (Maria Garces) បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើឲ្យការងាររបស់ UN មានតម្លាភាព និងបើកទូលាយជាងមុនដល់អន្តរជាតិទាំងមូល នៅអំឡុងអាណត្តិដឹកនាំរបស់លោកស្រី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងទៅក្រុមអ្នកសារព័ត៌មាន នៅខាងក្រៅសាលសន្និបាត UNGA ក្រោយពីត្រូវបានបោះឆ្នោតជ្រើសរើស ឲ្យកាន់មុខតំណែងនេះលោកស្រី Garces បាននិយាយថា លោកស្រីនឹងសម្រេចឲ្យបាននូវតម្លាភាពពេញលេញ ក្នុងអំឡុងនៃអាណត្តិដឹកនាំរបស់ខ្លួន ហើយលោកស្រី ក៏បានប្តេជ្ញាថារាល់សកម្មភាពនៃស្ថាប័ននេះ នឹងត្រូវធ្វើឡើងបើកចំហ និងជាសាធារណៈ សម្រាប់រាល់ប្រជាជននានានៅជុំវិញពិភពលោក ពីព្រោះវាដល់ពេលហើយ ក្នុងការធ្វើឲ្យ UN មានភាពស្និទ្ធស្នាលនឹងមនុស្សគ្រប់ៗគ្នាជាងមុន។
គួរជម្រាបថា លោកស្រី Maria Garces កើតនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៦៤ និងជាអ្នកនយោបាយ និងអ្នកការទូតនៃប្រទេសអេក្វាឌ័រ ត្រូវបានបោះឆ្នោតជ្រើសរើសក្នុងសំឡេងគាំទ្រ ១២៨ ទល់នឹង ៦២សំឡេង ដើម្បីឲ្យដឹកនាំ UNGA ដោយផ្តួលគូប្រកួតម្នាក់ទៀត គឺលោកស្រី ម៉ារី ហ្វ្លេក (Mary Flake) ដែលឯកអគ្គរដ្ឋទូតហុងឌូរ៉ាស់។ ម៉្យាងវិញទៀតលោកស្រី Garces គឺជាស្រ្តីទី០៤ហើយ ដែលទទួលបានឱកាសដឹកនាំស្ថាប័នអន្តរជាតិដែលមានសមាជិកចំនួន ១៩៣ប្រទេសនេះ។
ចាប់តាំងពីឆ្នាំ១៩៤៥ UNAG បានបោះឆ្នោតជ្រើសរើសស្រ្តីចំនួនតែ ០៣នាក់ប៉ុណ្ណោះ ធ្វើជាប្រធានដឹកនាំ ក្នុងនោះរួមមានលោកស្រី វីចាយ៉ា ផាន់ឌិត (Vijaya Pandit) នៃប្រទេសឥណ្ឌា (ឆ្នាំ១៩៥៣), លោកស្រី អានជៃ ប្រ៊ូក (Angei Brook) នៃប្រទេសលីបេរីយ៉ា (ឆ្នាំ១៩៦៩), និងលោកស្រី ហ្សេខា អាល់ ខាលីហ្វា (Sheikha Al-Khalifa) នៃប្រទេសបារ៉ែន (ឆ្នាំ២០០៦) ពោលគឺមានតែបីរូបប៉ុណ្ណោះ ក្នុងចំណោមប្រធាន UNAG ទាំង ៧២នាក់៕