(ម៉ូស្គូ)៖ ការព្យាយាមរបស់បរទេស (សហរដ្ឋអាមេរិក) ក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសវេណេស៊ុយអេឡា គឺជាចេតនាបំផ្លិចបំផ្លាញ។ នេះ គឺជាសម្ដីអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អានតូណូវ (Anatoly Antonov) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
លោក Antonov ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើជូនអង្គការនៃរដ្ឋក្នុងតំបន់ទ្វីបអាមេរិក (OAS) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ អគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងវេណេស៊ុយអេឡា និងបង្កឱ្យ មានជម្លោះជុំវិញវេណេស៊ុយអេឡាជាថ្មី គឺជាចេតនាបំផ្លិចបំផ្លាញ។ ចំណែកឯ ការចាត់វិធានការរឹតត្បិត និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង នឹងរដ្ឋអធិបតេយ្យមួយ គឺជាទង្វើខុសច្បាប់ ដោយរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លើសពីនេះទៅទៀត បើតាមលោក Antonov ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតវេណេស៊ុយអេឡា អាចនឹងបង្កជាអស្ថេរភាព នៅក្នុងប្រទេសវេណេស៊ុយឡា និងតំបន់ទាំងមូល ហើយថា ដំណោះស្រាយតែមួយគត់សម្រាប់វិបត្តិនៅវេណេស៊ុយអេឡា គឺកិច្ចសន្ទនា និងការផ្សះផ្សារវាងបក្សប្រឆាំង និងបក្សកាន់អំណាច។
គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានជំរុញរដ្ឋជាសមាជិក OAS ទាំងអស់បង្កើនការដាក់សម្ពាធ និងទណ្ឌកម្មលើវេណេស៊ុយអេឡា ហើយថាការដកទីក្រុងការ៉ាកាស់ចេញពីអង្គការមួយនេះ គឺជាសារមួយដ៏រឹងមាំ ផ្ញើជូនរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ៕