(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសឲ្យដឹងថា ខ្លួនបានសហការក្នុងការចែករំលែកទិន្នន័យ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងតិចចំនួន ០៤ រួមមានទាងក្រុមហ៊ុនផលិតទូរស័ព្ទកំពុងមានភាពល្បីរន្ទឺយ៉ាងខ្លាំងមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលចិនផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
កិច្ចព្រមព្រៀងខាងលើ ដែលបានកើតមានឡើងតាំងតែពីឆ្នាំ២០១០ មកម្ល៉េះនោះ បានផ្តល់សិទ្ធិឯកជន ទាក់ទិននឹងការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់មួយចំនួន ដល់ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន Huawei ដែលត្រូវក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកដាក់មុខសញ្ញាថា ជាការគំរាមកំហែងផ្នែកសន្តិសុខ រួមជាមួយក្រុមហ៊ុន Lenovo, Oppo, និង TCL។ ក្រៅពីក្រុមហ៊ុនចិន ក្រុមហ៊ុនអាមេរិក Amazon, Apple, BlackBerry, និង Samsung ក៏ទទួលបានសិទ្ធិឯកជននេះផងដែរ។
ជុំវិញរឿងនេះ Facebook បានបញ្ជាក់ថា ទិន្នន័យដែលចែករំលែកជាមួយ Huawei គឺត្រូវរក្សាទុកនៅលើទូរស័ព្ទ ពុំមែននៅលើម៉ាស៊ីន Server របស់ក្រុមហ៊ុននេះទេ។
គួរជម្រាបថា ក្រុមហ៊ុន Huawei ទទួលបានឥណទានរាប់ពាន់លានដុល្លារ ពីធនាគាររបស់រដ្ឋាភិបាលចិន ដើម្បីជួយក្រុមហ៊ុននេះក្នុងពង្រីកវិសាលភាពនៅក្រៅប្រទេសរបស់ខ្លួន រួមមាននៅអាហ្វិ្រក អឺរ៉ុប និងអាមេរិកឡាទីនជាដើម ហើយស្ថាបនិករបស់ Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ក៏ជាអតីតវិស្វករនៅក្នុងជួរកងទ័ពចិនផងដែរ។
ក្រុមអ្នកតាក់តែងច្បាប់នៅសហរដ្ឋអាមេរិក ក្តីព្រួយបារម្ភចំពោះក្រុមហ៊ុនចិនមួយនេះ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ និងថែមទាំងបានណែនាំឲ្យក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចល័តអាមេរិក ជៀសវាងទិញបរិក្ខា Network ពី Huawei ទៀតផង ហើយកាលពីខែមករាកន្លងទៅ សារព័ត៌មាន Times បានរាយការណ៍ថា ក្រុមហ៊ុន AT&T បានសម្រេចមិនទិញចូលនូវស្មាតហ្វូនស៊េរីថ្មីបំផុត នាពេលនោះរបស់ Huawei គឺ Mate 10 តែម្តង៕