BREAKING NEWS: អាជ្ញាធរហ្គាតេម៉ាឡាអះអាងថា «អ្នកបាត់ខ្លួនក្នុងបន្ទុះភ្នំភ្លើងមានរហូតដល់ ១៩២នាក់ និងស្លាប់កើនដល់ ៧៣នាក់» (Video inside)
06-06-2018 09:16
(ហ្គាតេម៉ាឡា)៖ អាជ្ញាធរហ្គាតេម៉ាឡាបានឱ្យដឹងថា ពួកគេកំពុងតាមស្វែងរកមនុស្ស ១៩២នាក់ ដែលនៅតែបន្តបាត់ខ្លួននៅឡើយ ខណៈចំនួនអ្នកសា្លប់កើនដល់ ៧៣នាក់ បន្ទាប់ពីភ្នំភ្លើងដ៏កំណាចមួយបានផ្ទុះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយបានបញ្ចេញកម្អែរភ្លើង ធូលី-ផេះ និងដុំថ្មធំៗ បំផ្លិចបំផ្លាញភូមិមួយចំនួននៅក្បែរភ្នំភ្លើងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
គិតមកទល់ពេលនេះ បើតាមក្រុមមន្ត្រីហ្គាតេម៉ាឡា ចំនួនអ្នកស្លាប់ដោយសារតែ ការបំផ្លិចបំផ្លាញបង្កឡើងដោយភ្នំភ្លើង ហ្វឺហ្គោ (Fuego) បានកើនឡើងដល់ ៧៣នាក់ហើយ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត កំពុងស្នាក់នៅក្នុងជំរកបណ្ដោះអាសន្ន។ ដោយឡែកកាលពីថ្ងៃចន្ទ ក្រុមអាជ្ញាធរក៏បានបញ្ជាក់ដែរថា មនុស្សប្រមាណ ១.៧លាននាក់ បាននិងកំពុងទទួលរងផលប៉ះពាល់ ដោយសារ គ្រោះធម្មជាតិខាងលើនេះ និងជាង ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព។
គួរជម្រាបថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះហើយជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាចមានមនុស្សស្លាប់ច្រើនបន្ថែមទៀត ក៏ព្រោះតែភូមិមួយនៅក្បែរភ្នំភ្លើងនោះត្រូវបានកម្អែរក្តៅគគុកហូរមកស្រោចពីលើតែម្តង ស្របពេលពួកគេកំពុង ស្វែងរកអ្នកបាត់ខ្លួនឈានចូលមកដល់ថ្ងៃទី៣ទៅហើយ៕