សហរដ្ឋអាមេរិក៖ ពេលលោក គីម ជុងអ៊ុន ដឹកនាំក្រុមមន្ត្រីទៅសិង្ហបុរី «ត្រូវចេញថ្លៃចាយវាយខ្លួនឯង» អាមេរិកមិនទទួលខុសត្រូវទេ... (Video inside)
06-06-2018 09:00
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងមិនចេញថ្លៃចំណាយលើក្រុមមន្ត្រីកូរ៉េខាងជើង អំឡុងពេលស្នាក់នៅក្នុងប្រទេសសិង្ហបុរី នាឱកាសចូលរួមកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះទេ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ការចំណាយលើការស្នាក់នៅ ច្បាស់ណាស់នឹងក្លាយជាបញ្ហាសម្រាប់កូរ៉េខាងជើង ខណៈលោក គីម ត្រូវបានគេរាយការណ៍ថា នឹងស្នាក់នៅក្នុងសណ្ឋាគារប្រណិតៗដូចជា ហ្វូល្លឺតុន (Fullerton) ឬក៏ រ៉េជីស (St. Regis) ជាដើម។ ប៉ុន្តែជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើ ណត (Heather Nauert) បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជាអ្នកធានារ៉ាប់រង លើការចំណាយរបស់ក្រុមមន្ត្រី កូរ៉េខាងជើងឡើយ។
លោកស្រី Nauert លើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលអាមេរិក នឹងមិនចេញថ្លៃចំណាយសម្រាប់ប្រតិភូកូរ៉េខាងជើង អំឡុងពេលស្នាក់នៅក្នុងប្រទេសសិង្ហបុរីនោះទេ... យើងនឹងមិនចេញថ្លៃចំណាយសម្រាប់ពួកគេឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសេតវិមានបានប្រកាសថា ជំនួបលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះ៕