(អ៊ីស្រាអែល)៖ ខណៈស្ថានការណ៍កំពុងតែក្តៅគគុកឡើងវិញនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានអះអាងថា សេចក្តីប្រកាសរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណៃ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់កំពុងប្តេជ្ញាបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយពី Sputnik នាយប់ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីពីរថ្ងៃមុន មេដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណៃ បានលើកឡើងពីចេតនារបស់លោកថា ចង់បំផ្លាញអ៊ីស្រាអែល។ កាលពីម្សិលមិញលោកបានពន្យល់ទៀតថា លោកពិតជាចង់ធ្វើវា ជាមួយនឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឲ្យបានលើសលប់ ដើម្បីផលិតចេញជាអាវុធនុយក្លេអ៊ែរ...»។
ទោះបីជាបែបនេះក៏ដោយ មេដឹកនាំអ៊ីស្រាអែលខាងលើនេះបានប្តេជ្ញាថា នឹងមិនបណ្តោយឲ្យអ៊ីរ៉ង់ សម្រេចបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ស្ថានការណ៍ជាមួយអ៊ីរ៉ង់ចាប់ផ្តើមក្តៅខ្លាំង ដោយសារតែអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការចោទដោយអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ថា កំពុងបង្កើតមូលដ្ឋានទ័ពក្នុងទឹកដីស៊ីរី ដើម្បីគ្រោងវាយប្រហារខ្លួន៕