(អាមេរិក)៖ ខ្មោចនាវាដ៏ល្បីល្បាញបំផុត ដែលធ្លាប់មានរហស្សនាមថា «កប៉ាល់មិនចេះលិច» នោះប្រហែលជាអាចនៅកប់ក្រោមបាតសមុទ្របានយូរឆ្នាំទៀត ប្រសិនវាពុំដោយសារតែបេសកកម្មសម្ងាត់មួយ កាលពីសម័យសង្រ្គាមត្រជាក់ទេនោះ។ នេះបើតាមឯកសារមួយទើបលាតត្រដាងជាសាធារណៈ ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងប្រាប់ប៉ុស្តិ៍ទូរទស្សន៍ National Geographic លោក Robert Ballard ជាអ្នកវិទ្យាសាស្រ្តផ្នែកមហាសមុទ្រ និងជាមេបញ្ជាការមួយរូបដែលបានរកឃើញខ្មោចនាវាដឹកអ្នកដំណើរយក្សឈ្មោះថា ទីតានិក (Titanic) កាលពីឆ្នាំ១៩៨៥ បានឲ្យដឹងថា នាពេលនេះកងទ័ពជើងទឹកអាមេរិក ទីបំផុតកំពុងតែជជែកពីរឿងនេះដោយបើកចំហហើយ។
កាលពីមុនមក រឿងហេតុច្បាស់លាស់ថា តើកប៉ាល់ RMS Titanic ត្រូវបានរកឃើញដោយរបៀបណានោះ គឺជារឿងសម្ងាត់គ្មាននរណាម្នាក់ដឹងឡើយ។ នេះគឺដោយសារតែវាមានជាប់ពាក់ព័ន្ធ នឹងនាវាមុជទឹកនុយក្លេអ៊ែរអាមេរិកដែលបានលិច មិនមែនមួយនោះទេ គឺដល់ទៅពីរគ្រឿងឯណោះ រួមមាន USS Thresher លិចកាលពីឆ្នាំ១៩៦៣ និង USS Scorpion លិចកាលពីឆ្នាំ១៩៦៨ ដោយនាវាទាំងពីរគ្រឿងនេះ គឺបានលិចនៅឆ្ងាយប៉ុន្មានពីគ្នាឡើយ។
ជុំវិញការលិចនាវាមុជទឹកនេះ កងទ័ពជើងទឹកអាមេរិកត្រូវការធ្វើការត្រួតពិនិត្យទៅលើនាវាទាំងនោះ និងកំណត់ថា តើម៉ាស៊ីនរ៉េអាក់ទ័ររបស់ពួកវា អាចមានគ្រោះថ្នាក់ខ្លាំងដែរឬអត់ ព្រមទាំងស្វែងរកមូលហេតុជាក់លាក់ ថាហេតុអ្វីដែលជាពួកវាលិច។
នៅឆ្នាំ១៩៨៥ កងទ័ពជើងទឹកអាមេរិក បានបង្គាប់ឲ្យលោក Ballard ដែលជាមេបញ្ជាការម្នាក់ក្នុងទ័ពជើងទឹក ធ្វើការរុករកនាវាមុជទឹកទាំងពីរគ្រឿង តាមរយៈការប្រើប្រាស់យានមុជទឹក ដែលលោក Ballard បានចេញមុខគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ ក្នុងគោលដៅប្រើប្រាស់សម្រាប់បេសកកម្មនេះ។
លោក Ballard បានជួបជាមួយលោក Ronald Thunman ដែលកាលនោះជាអគ្គមេបញ្ជាការរង នៃកងប្រតិបត្តិការទ័ពជើងទឹកអាមេរិក ហើយស្នើសុំសិទ្ធិធ្វើការស្វែងរកកប៉ាល់ទីតានិក នៅក្នុងផ្នែកនៃបេសកកម្មនេះ។ លោក Ballard បានប្រាប់ National Geographic ថា «ខ្ញុំបានលើកឡើងថា ដោយសារតែកប៉ាល់ទីតាកនិក នៅចន្លោះនាវាមុជទឹក Thresher និង Scorpion យើងប្រហែលជាអាចប្រាប់ពិភពលោកថា ខ្ញុំកំពុងតាមរកខ្មោចនាវាទីតានិក»។
ទីបំផុតនៅម៉ោង០២៖០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៨៥ យានមុជទឹករបស់លោក Ballard បានចាប់ផ្តើមបញ្ជូនរូបភាពនៃនាវាយក្ស ដែលធ្លាប់ត្រូវគេអួតអាងថា ជានាវាមិនអាចលិច។
គួររំលឹកថា កប៉ាល់ RMS Titanic បានលិចនៅលើមហាសមុទ្រអាត្លង់ទិកខាងជើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ក្រោយពីបុកជាមួយដុំទឹកកកដ៏ធំមួយ។ មនុស្សប្រហែល ១,៥០០នាក់ បានបាត់បង់ជីវិត នៅក្នុងមហាសមុទ្រទឹកកកនេះ ខណៈដែលកប៉ាល់នោះបានដាច់ខ្លួនជាពីរបំណែកធំៗ ហើយលិចចូលទៅក្នុងផ្ទៃសមុទ្រ ហើយមានតែមនុស្សជាង ៧០០នាក់ ភាគច្រើនជាពួកអភិជនបាននៅរស់៕