(ដូហា)៖ រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីនអាប់ឌុលរ៉ាហ៍ម៉ាន់ អាល់ថានី (Mohammed bin Abdulrahman Al Thani) បានច្រានចោលសេចក្ដីរាយការណ៍ ស្ដីពីការគំរាមប្រើប្រាស់កម្លាំងយោធារបស់អារ៉ាប៊ីសាអូឌីត ជុំវិញគំរោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ដោយទ្រង់អះអាងថា ការសម្រេចចិត្តទិញអាវុធរបស់កាតា គឺជាដែនអធិបតេយ្យភាពមួយ ប៉ុន្តែពេលនេះភាពរង្គោះរង្គើបានកើតឡើងហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន អាល់ហ្សាហ្ស៊ារ៉ា (Al Jazeera) នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ប្រតិកម្មរបស់ព្រះអង្គម្ចាស់ Al Thani កើតមានឡើងបន្ទាប់ពីសារព័ត៌មានបារាំង Le Monde ដោយផ្អែកលើសំបុត្រមួយដែលស្ដេច សាល់ម៉ាន (King Salman) ផ្ញើជូនប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថា ទីក្រុងរីយ៉ាដបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគំរោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីរបស់កាតា ដោយអះអាងថា វានឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខនៃបណ្ដាប្រទេសអារ៉ាប់នៅក្នុងតំបន់។
«បើសិនជាកិច្ចព្រមព្រៀងទិញ S-400 រវាងកាតា និងរុស្ស៊ីដំណើរការទៅមុខនោះ អារ៉ាប៊ីសាអូឌីត នឹងចាត់រាល់វិធានការចាំបាច់នានា ដើម្បីដកប្រព័ន្ធមីស៊ីលនេះចេញក្នុងតំបន់រួមមាន ទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ»។ នេះបើតាមសម្រង់រាជបន្ទូល នៅក្នុងសំបុត្ររបស់ស្ដេចសាល់ម៉ាន់។
ប៉ុន្តែជុំវិញសេចក្ដីរាយការណ៍នេះដែរ ព្រះអង្គម្ចាស់ Al Thani បានអះអាងថា ការគំរាមនេះ គឺរំលោភទាំងស្រុងលើច្បាប់ និងបទដ្ឋានអន្តរជាតិ។ ព្រះអង្គបានមានបន្ទូលនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera នៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «រាល់ការទិញអាវុធ ឬបរិកា្ខយោធាណាមួយ គឺជាអធិបតេយ្យភាពនៃការសម្រេចចិត្តមួយ ដែលគ្មានប្រទេសណាផ្សេងអាចចូលមកពាក់ព័ន្ធបានឡើយ។ ចំណែកឯ សំបុត្រនោះវិញក៏គ្មានមូលដ្ឋានស្របច្បាប់ បញ្ជាក់ពីរាល់សកម្មភាពទៅទៀត... ប៉ុន្តែវាពិតជាគួរឱ្យសោកស្ដាយណាស់ដែល ពួកគេមើលឃើញថា វាជាការបង្កអស្ថេភាព ពីព្រោះកាតាមិនបានគំរាមកំហែងអ្វី ដល់អារ៉ាប៊ីសាអូឌីតនោះទេ»។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទថា ទីក្រុងដូហាបានផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវករ ព្រមទាំងលូកដៃចូលកិច្ចការផ្ទៃក្នុង នៃបណ្ដារដ្ឋអារ៉ាប់ និងបង្ហាញការគំាទ្រដល់សត្រូវរបស់អារ៉ាប៊ីសាអូឌីត គឺអ៊ីរ៉ង់។
ប៉ុន្តែការផ្ដាច់ទំនាក់ទំនងការទូតនេះ បានបង្ខំឱ្យទីក្រុងដូហារឹតតែបង្កើនសមត្ថភាពយោធាកាន់តែខ្លាំង។ ជាក់ស្ដែងកាលពីខែមករាកន្លងទៅនេះ អគ្គរាជទូតកាតាប្រចាំប្រទេសរុស្ស៊ី ស្រាប់តែបង្ហើបពីគំរោងទិញអាវុធពីទីក្រុងម៉ូស្គូ ដោយបញ្ជាក់ថា ប្រទេសរបស់លោក កំពុងមានភាពជឿនលឿនទៅមុខ ក្នុងដំណាក់កាលចរចាទិញ S-400 ពីទីក្រុងម៉ូស្គូ៕