(អាមេរិក)៖ ខណៈកិច្ចខិតខំប្រឹងប្រែងនានាត្រូវបានធ្វើឡើង ដើម្បីតាមរុករកជីវិតក្រៅភពនៅទីអវកាស ទីភ្នាក់ងារអវកាស NASA ក៏កំពុងផ្តោតលើមធ្យោបាយដទៃទៀតផងដែរ ដូចជាតាមរយៈការស្រាវជ្រាវ ទៅក្នុងបាតមហាសមុទ្ររបស់ផែនដីជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Tech Times នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
នៅចម្ងាយតែ ៣៥គីឡូម៉ែត្រ ប៉ុណ្ណោះពីឆ្នេរនៃកោះហាវ៉ៃ សហរដ្ឋអាមេរិក គឺមានវត្តមានភ្នំភ្លើងក្រោមទឹកមួយ ដែលកំពុងបញ្ចេញពពុះដ៏ក្តៅគគុកពីចេញពីក្រោមបាតសមុទ្រ។ វាមានឈ្មោះថា Lo'ihi ជាភ្នំភ្លើងសកម្មក្រោមបាតសមុទ្រ ដែលអ្នកវិទ្យាសាស្រ្តនៅ NASA ជឿជាក់ថាមានលក្ខណៈស្រដៀងទៅនឹងតំបន់នានា ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានលទ្ធភាពខ្ពស់ក្នុងការទ្រង់ទ្រង់ជីវិត។
នៅខាងក្រោមផ្ទៃនៃបាតសមុទ្រ គឺមានវត្តមាននៃស្នាមប្រេះក្រហែងដែលគេហៅថា Hydrothermal Vent ដែលបញ្ចេញទឹកក្តៅ។ Hydrothermal Vent ជារឿយៗអាចត្រូវរកឃើញនៅក្បែរភ្នំភ្លើងសកម្ម ផ្ទាំងសិលាតិកតូនិក ឬតំបន់ភ្នំភ្លើង ហើយអ្នកវិទ្យាសាស្រ្តជឿថា សញ្ញាដំបូងបង្អស់នៃជីវិតនៅលើផែនដី មានប្រភពកើតចេញពី Hydrothermal Vent ទាំងនេះ។
ទ្រឹស្តីនោះគឺ កម្តៅទឹកដែលបញ្ចេញពីក្រហែងទាំងនេះ បានបង្កជាប្រតិកម្មគីមី នៅបាតសមុទ្រ ដែលនាំឲ្យមានការកកើតនៃសរីរាង្គ ឬកោសិកាមួយដំបូងបំផុត។ ដោយសារតែពន្លឺព្រះអាទិត្យ មិនអាចទម្លុះចូលទៅក្នុងកន្លែងដែលមាន Hydrothermal Vent សរីរាង្គទាំងឡាយ ដែលរស់នៅទីនោះ គឺត្រូវការពឹងផ្អែកទៅលើប្រតិកម្មគីមីទាំងនេះ សម្រាប់ការចិញ្ចឹមជីវិតរបស់ពួកវា។
គួរបញ្ជាក់ថា ការសិក្សាខាងលើនេះ គឺមានវិសាលភាពទៅលើតំបន់ផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដូចជាព្រះច័ន្ទទឹកកកយូរ៉ូប៉ា នៃភពព្រហស្បតិ៍ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា មានមហាសមុទ្រទឹកកកនៅក្រោមផ្ទាំងទឹកកកស្រោបខ្លួនវា ដែលមានកម្រាស់ ១០គីឡូម៉ែត្រ។ បន្ថែមពីនេះទៀត គឺព្រះច័ន្ទ អាន់សេឡាដឺស នៃភពសៅរ៍ដែលមានបំភាសចំហាយទឹក ចេញពីតំបន់ប៉ូលខាងត្បូងរបស់វា ដែលអាចជាកំហួលនៃភ្នំភ្លើងក្រោមសមុទ្រទឹកកក៕