(ទុយនីស)៖ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) បានឱ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូករបស់ពួកគេក្រឡាប់លិច នៅឯឆ្នេរភាគអាគ្នេយ៍នៃប្រទេសទុយនីស៊ី កាលពីថ្ងៃអាទិត្យបានកើនដល់ ១១២នាក់ហើយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម IOM មនុស្សសរុប ៦៨នាក់ ត្រូវបានសង្រ្គោះ ក្នុងនោះមានជនជាតិទុយនីស៊ី ៦០នាក់ និង ០៨នាក់ទៀតមកពីប្រទេសក្នុង តំបន់តំបន់ជាយសាហារ៉ា-អាហ្រិ្វក (Sub-Saharan Africa)។ ក្រុមមនុស្សទាំងនេះ គឺស្ថិតនៅក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ ១៨០នាក់ ដែលជិះនៅលើទូកមួយគ្រឿង ដែលបានក្រឡាប់លិចនៅឯកោះ ខឺខិនណាហ៍ (Kerkennah) ស្ថិតនៅឆ្នេរភាគអាគ្នេយ៍នៃប្រទេសទុយនីស៊ី។
គួរបញ្ជាក់ថា កោះ Kerkennah គឺជាតំបន់ដែនទឹកដ៏សំខាន់ សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ប្រើប្រាស់ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដោយចាកចេញពីប្រទេសទុយនីស៊ី។ ដោយឡែកបើតាមអង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន ជនអន្តោប្រវេសន៍ ទុយនីស៊ីជាង ១,១៩០នាក់ បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីតាមផ្លូវសមុទ្រ គិតចាប់ពីដើមឆ្នាំ២០១៨ មក។
បន្ថែមពីលើនេះ អង្គការវេទិកាទុយនីស៊ីសម្រាប់សេដ្ឋកិច្ច និងសិទ្ធិសង្គម ក៏បានបញ្ជាក់នៅក្នុងរាបាយការណ៍សិក្សារបស់ខ្លួនដែរថា ជនជាតិទុយនីស៊ី ៩,៣២៩នាក់ បានព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេកាលពីឆ្នាំ២០១៧ ទៅកាន់ទ្វីបអឺរ៉ុប ប៉ុន្តែ៣៤ភាគរយ ក្នុងចំណោមអ្នកទាំងនេះ ត្រូវបានអាជ្ញាធរទុយនីស៊ីស្ទាក់ចាប់បានមកវិញ៕