(ម៉ូស្គូ)៖ គេហទំព័រ Down Detector ជំនាញខាងតាមដានដំណើរការ របស់បណ្ដាញទំនាក់ទំនងសង្គមល្បីៗនៅលើពិភពលោកបានឱ្យដឹងថា អ្នកប្រើប្រាស់ Instagram បានរាយការណ៍ពីបញ្ហាជាច្រើន នៅពេលពួកគេព្យាយាមចូលគណនីរបស់ខ្លួនដើម្បី Update Feedback និងចូលទៅក្នុងគេហទំព័រ Instagram។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម Down Detector បញ្ហាដែលកើតមាននៅលើ Instagram ត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកខ្លះនៃប្រទេសរុស្ស៊ី បូករួមទាំងប្រទេសជប៉ុនផងដែរ។ ប៉ុន្តែ គេមិនទាន់អាចកំណត់ពីបញ្ហាពិតប្រាកដនៅឡើយទេថា វាត្រូវបានគេ Hack ឬក៏យ៉ាងណា។
បន្ថែមពីលើនេះ Down Detector ក៏បានបញ្ជាក់ដែរថា អ្នកប្រើប្រាស់ Instagram ៤៩ភាគរយ មិនអាចចូលក្នុងគណនីរបស់ខ្លួនបាន, ៤០ភាគរយមានបញ្ហា Refresh ព័ត៌មាននៅក្នុងគណនីមិនប្រក្រតី, ខណៈ១០ភាគរយទៀត មិនអាចចូលក្នុងគេហទំព័រ នៃបណ្ដាញទំនាក់ទំនងសង្គមមួយនេះបានតែម្តង។
គួរបញ្ជាក់ថា បណ្តាញសង្គមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Facebook ខាងលើនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយ ឆ្លើយតបចំពោះការចេញព័ត៌មានអំពីបញ្ហានានាដូចបានរៀបរាប់នោះឡើយ៕