(ញូដេលី)៖ យន្តហោះចម្បាំងមួយគ្រឿង របស់កងទ័ពអាកាសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅរដ្ឋហ្គូហ្សារ៉ាត់ (Gujarat) ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
យន្តហោះដែលធ្លាក់ខាងលើនេះ គឺប្រភេទចាហ្គារ (Jaguar) ជាកម្មសិទ្ធិរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅទីវាលស្រែនៃភូមិមុនដ្រា Mundra របស់រដ្ឋខាងលើនេះ បន្ទាប់ពីវាទើបបានហោះចេញពីមូលដ្ឋានទ័ពអាកាស ចាំណាហ្គារ តែប៉ុន្មាននាទីប៉ុណ្ណោះ។ អាកាសយានិកឈ្មោះ សាន់ចាយ ឆូហាន (Sanjay Chauhan) នៅលើយន្តហោះចម្បាំងនោះ ត្រូវបានគេអះអាងថា បាត់បង់ជីវិតហើយ។
គួរបញ្ជាក់ថា មូលហេតុនៃការធ្លាក់ទំនងជាអាចបណ្តាលមកពីបញ្ហាបច្ចេកទេស ប៉ុន្តែវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតបន្តទៀត។ នៅក្នុងឆ្នាំ២០១៨នេះ ការធ្លាក់យន្តហោះយោធា រួមមានទាំងឧទ្ធម្ភាគចក្រផងដែរ បានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌា៕